ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាខួប១៤ឆ្នាំ របស់សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ(UNECO)។
លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃរំលឹកខួប១៤ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមនី្ទរប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជី ស្មារតីចងចាំ នៃពិភពលោករបស់អង្គការ យូណេស្កូ កាលពីឆ្នាំ២០០៩ ក្រោមការគាំទ្រ និងជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល។ មែនទែនទៅបងប្អូនប្រជាពលរដ្ឋ យើងបានស្គាល់ច្បាស់នូវបេតិកភណ្ឌរូបី(ដែលមានប្រាសាទអង្គវត្ត ប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហា) និងអរូបី (របាំព្រះរាជទ្រព្យ ល្ខោនខោល ដើម) ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់យល់ច្បាស់អំពីបេតិកភណ្ឌឯកសារ។ ដូច្នេះតម្លៃនៃសម្បតិ្តបេតិកភណ្ឌទាំងបី នេះគឺស្មើគ្នា និងឋិតក្រោមគម្រោងរបស់អង្គការយូណេស្កូ មានរូបី អរូបី និងឯកសារ នៅពេលដែលយើងបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោក គឺយើងទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីអង្គការយូណេស្កូ ជាពិសេសអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ជួយសម្របសម្រួល។
ជាចុងក្រោយលោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបញ្ជាក់ថា កិច្ចការដែលក្រុមការងារកំពុងធ្វើនេះ គឺដើម្បីអភិរក្ស និងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដើម្បីចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅអតីតមនី្ទរ «ស . ២១» និងជារួមដែលបានកើតឡើងមកលើប្រជាជនកម្ពុជា និងជិត២លាននាក់ដែលបាត់បង់ជីវិត និងជនរងគ្រោះ រួចរស់មានជីវិតជាង៥លាននាក់ ពីសម័យខ្មែរក្រហម គឺចងចាំមិនភ្លេចនូវរឿងរ៉ាវដែលបានកើតឡើងចំពោះប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវចូលរួមធ្វើយ៉ាងណា រក្សាស្ថានភាព ស្ថិរភាព សន្តិភាពនេះឲ្យបានគង់វង្ស ជាពិសេសយើងជាយុវជនមានសំណាង កើតក្រោយសង្រ្គាម គឺយើងយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពដែលកំពុងមាន៕អត្ថបទ រដ្ឋា