
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាល់បានីរាប់រយនាក់ បានព្យាយាមពន្លត់អណ្តាតភ្លើងដែលបានឆាបឆេះតំបន់ភាគខាងត្បូងប្រទេសមួយនេះ កាលពីថ្ងៃពុធ ស្របពេលដែលឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ បានទម្លាក់ទឹកលើព្រៃដែលកំពុងរងការឆាបឆេះ ។
យងតាមការអះអាងរបស់ក្រសួងការពារជាតិអាល់បានី បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យដែលព្យាយាមពន្លត់ភ្លើងនៅជិតភូមិ Cakran ត្រូវបានជួយគាំទ្រដោយសមាជិក ១០២នាក់មកពីកងកម្លាំងប្រដាប់អាវុធអាល់បានី ហើយរថយន្តយោធា ១១គ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ។
ក្រុមនគរបាលអាល់បានី និយាយថា ពួកគេបានមើលឃើញកំណើនករណីលួចដុតព្រៃក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយពួកគេបានផ្តល់អត្តសញ្ញាណ មនុស្ស ១៤នាក់ ដែលរងការចោទប្រកាន់ថាជាអ្នកផ្តើមឲ្យមានភ្លើងឆេះព្រៃនេះកើតឡើង ។ ក្រុមប្រជាកសិករជាច្រើននៅក្នុងប្រទេសអាល់បានី បានដុតព្រៃធ្វើចម្ការដំាដុះ ដើម្បីសម្អាតស្មៅ រុក្ខជាតិតូចៗ និងកាកសំណល់ មុនពេលសាបព្រួសដំណាំថ្មីរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលនាំឲ្យកើតមានភ្លើងឆេះព្រៃនៅភូមិ Cakran នៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។
ខណៈពេលនោះដែរ ទីក្រុង kucovaដែលស្ថិតនៅភាគកណ្តាលឈៀងខាងលិចប្រទេសអាល់បានី បានរកឃើញសីតុណ្ហភាពកើនឡើងដល់ ៤៤អង្សាសេ ដែលជាសីតុណ្ហភាខ្ពស់បំផុតនៅក្នុងប្រទេសមួយនេះ ។
សីតុណ្ហភាពខ្ពស់នេះដែរ បានកើតមានឡើង បន្ទាប់ពីរកឃើញសីតុណ្ហភាពកើតឡើងដល់ ៤៨អង្សាសេកាលពីថ្ងៃចន្ទ នៅកោះ Sardiniaដែលជាកោះធំបំផុតទី ២របស់ប្រទេសអ៊ីតាលី ធ្វើឲ្យវាក្លាយជាសីតុណ្ហភាពខ្ពស់បំផុតពុំធ្លាប់ដែលមាននៅអឺរ៉ុប អំឡុងខែកក្កដា ៕