
ស្របពេលដែលសីតុណ្ហភាពទឹកនៅឆកសមុទ្រ Manatee រដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក បានកើនឡើងគួរឲ្យភ្ញាក់ផ្អើលរហូតដល់ជាង ៣៨,៤ អង្សាសេនោះ លោក Dustin Hansel គឺជាកាពីទែននាវានេសាទត្រី Two Reels Fishing Charterដែលបានចូលចតនៅកោះ Key Largo និយាយថា អ្វីៗពិតជាមហាក្តៅខ្លាំងណាស់ ។ លោកថ្លែងបែបនេះ ពេលដែលលោកវះសាច់សំលកត្រី សម្រាប់អតិថិជនរបស់លោក ។
ឧបករណ៍វាស់សីតុណ្ហភាពទឹកនៅក្នុងឧទ្យានជាតិ Evergladesស្ថិតក្នុងដែនទឹកឆកសមុទ្រ Manatee បានកើនឡើងដល់ជាង ៣៨,៤ អង្សាសេ កាលពីរសៀលថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។
ចំណែកឯឧបករណ៍វាស់កម្តៅទឹកនៅក្បែរនោះ បានរកឃើញជាង ៣៧,៧អង្សាសេផងដែរ នៅថ្ងៃដដែលនោះ ។
យោងតាមទិន្នន័យពីរដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) បានឲ្យដឹងថា សីតុណ្ហភាពទឹកធម្មតានៅតំបន់នេះ អំឡុងពេលនេះនៃឆ្នាំ មានចន្លោះពី ២២,៧អង្សាសេ និង ៣១,១អង្សាសេប៉ុណ្ណោះ ។
ក្រុមអ្នកជំនាញអាកាសធាតុ និយាយថា ប្រេកង់ និងអង់តង់ស៊ីតេកើនឡើងនៃអាកាសធាតុធ្ងន់ធ្ងរទាំងនៅលើដី និងក្នុងមហាសមុទ្រ គឺជារោគសញ្ញានៃបម្រែបម្រួលអាកាសធាតុសកល បង្កឡើងដោយសារមនុស្ស ។
អង្គការឧតុនិយមពិភពលោក(WMO)របស់អង្គការសហប្រជាជាតិ(UN)និយាយថា កាលពីដើមឆ្នាំនេះ សីតុណ្ហភាពសមុទ្រសកលលោក បានឡើងខ្ពស់បំផុតប្រចាំខែ ចាប់តាំងពីខែឧសភារហូតមក ។
WMOនិយាយថា រលកកម្តៅសមុទ្រដូចដែលមើលឃើញនៅរដ្ឋ South Florida គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយដល់ការនេសាទត្រី និងប្រព័ន្ធអូកូឡូស៊ីមហាសមុទ្រ ៕