
អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាពួ ញូវហ្គីណេ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austinបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវ៉ាស៊ីងតោន ពុំបានស្វែងរកមូលដ្ឋានទ័ពអចិន្រ្តៃយ៍នៅក្នុងប្រទេសមួយនេះឡើយ ។
លោក Austinបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានី Port Moresby ( ព័រ ម័ររេសប៊ី) របស់ប៉ាពួ ញូវហ្គីណេ ថា លោកចង់បញ្ជាក់ឲ្យបានច្បាស់លាស់ថា ពួកយើងមិនស្វែងរកមូលដ្ឋានអចិន្រ្តៃយ៍នៅប៉ាពួ ញូវហ្គីណេនោះឡើយ ។ វាគឺជាគម្រោងមូលដ្ឋានគ្រឹះ គឺជាមូលដ្ឋានគ្រឹះដែលត្រូវពង្រឹងទំនាក់ទំនងការពារជាតិ ។
លោក AUSTIN បន្តថា នៅថ្ងៃនេះ ពួកយើងបានពិភាក្សាលើជំហានសំខាន់ៗជាច្រើនដែលពួកយើងបានធ្វើកាលពីរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីជំរុញគោលដៅរួមរបស់ពួកយើង ទាំងទ្វេភាគីជាមួយប្រទេសប៉ាពួ ញូវហ្គីណេ និងរួមគ្នាជាមួយដៃគូផ្សេងទៀតនៅក្នុងតំបន់ ។
លោកថា ពួកយើងកំពុងបង្កើនការចូលរួមរបស់សហរដ្ឋអាមេរិក និងធ្វើសមយុទ្ធយោធាជាច្រើនលើកជាមួយកងកម្លាំងការពារជាតិប៉ាពួ ញូវហ្គីណេ ។ ពួកយើងបានបញ្ចប់ផងដែរ កិច្ចព្រមព្រៀងនាវាដ៏សំខាន់ដែលនឹងមានន័យដល់កិច្ចសហប្រតិបត្តិការធំទូលាយជាងមុនលើការពង្រឹងច្បាប់នាវាចរណ៍ ។ កិច្ចព្រមព្រៀងនេះ នឹងជួយពួកយើងដោះស្រាយការនេសាទខុសច្បាប់ និងការជួញដូរខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រទេសរបស់អ្នក ។
ដោយឡែក នាយករដ្ឋមន្រ្តីប៉ាពួ ញូវហ្គីណេ លោក James Marape និយាយដែរថា នេះមិនមែនត្រឹមតែជាកិច្ចសន្ទនាស្តីពីយោធា រហូតដល់ការចូលរួមរបស់យោធាប៉ុណ្ណោះនោះទេ ពោលគឺរួមបញ្ចូលទាំងការការពារដែនទឹកពីការនេសាទខុសច្បាប់ និងការដឹកជញ្ជូនព្រៃឈើខុសច្បាប់ ការការពារសេដ្ឋកិច្ចពីឧក្រិដ្ឋកម្ម រក្សាសុវត្ថិភាពព្រំដែនរបស់ពួកយើង និងធានាដល់ភ្ញៀវគ្រប់រូបនៅក្នុងប្រទេសរបស់ពួកយើង ហើយពួកយើងអាចបង្កើនកម្លាំងការពារខ្លួនឯងរបស់ពួកយើងបាន ។
គួររំឭកថា កិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខាកាលពីខែឧសភាកន្លងទៅ នឹងអនុញ្ញាតឲ្យកងកម្លាំងសហរដ្ឋអាមរិក កែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រើប្រាស់យោធា និងស៊ីវិល នៅតាមកំពង់ផែសមុទ្រ និងអាកាសយានដ្ឋាននៅប្រទេសប៉ាពួ ញូវហ្គីណេ ៕