
ការត្រៀមរៀបចំទប់ទល់នឹងព្យុះ កំពុងដំណើរការនៅក្នុងប្រទេសចិននៅថ្ងៃព្រហស្បតិ៍ (២៧ កក្កដា)នេះ បន្ទាប់ពីក្រុមអាជ្ញាធរអាកាសធាតុបានចេញការជូនដំណឹងពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុរបស់ខ្លួន ដើម្បីព្រមានអំពីការបោកបក់មកដល់នៃព្យុះទីហ្វុង Doksuri ។
ទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញថា ទូកជាច្រើនត្រូវបានចងជាប់នឹងបង្គោលក្នុងកំពង់ផែនេសាទ និងបុគ្គលិកស្ថានីយ៍រថភ្លើងកំពុងរៀបចំស្បោងខ្សាច់ជាច្រើននៅខេត្តហ្គ័ងតុង (Guangdong) ភាគខាងត្បូង។
សេវាកម្មរថភ្លើងមួយចំនួនដែលភ្ជាប់ទីក្រុងដែលមានប្រជាជនច្រើនដូចជាទីក្រុងសិនជិន (Shenzhen) ទីក្រុងហ្គ័ងចូវ (Guangzhou) និងទីក្រុងហានចូវ (Hangzhou) តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់ប្រទេសចិន ក៏ត្រូវបានផ្អាកដំណើរការផងដែរ។
គិតត្រឹមម៉ោង ១០:១៥ព្រឹក (ម៉ោងក្នុងស្រុក) ព្យុះ Doksuri បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រកោះតៃវ៉ាន់ភាគខាងត្បូង ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៩១គីឡូម៉ែត្រ (១១៨ម៉ាយល៍) ក្នុងមួយម៉ោង។ ព្យុះនេះត្រូវបានចាត់ថាជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតដោយរដ្ឋបាលឧតុនិយមរបស់ប្រទេសចិនផងដែរ៕