
ក្រុមអាជ្ញាធររដ្ឋ Acre រាយការណ៍ថា អំពើកុបកម្មបានផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពន្ធនាគារ Amaro Brancoស្ថិតនៅតំបន់ភាគខាងលិចប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោច ៣នាក់ រងរបួស ។
សេចក្តីរាយការណ៍ពីរដ្ឋាភិបាលប្រេស៊ីល បាននិយាយថា អំពើកុបកម្មនេះ បានចាប់ផ្តើមពេលដែលក្រុមអ្នកទោសនៅបន្ទប់ដាក់ឲ្យនៅដាច់ដោយឡែក បានចាប់ខ្លួនមន្រ្តីនគរបាល ២នាក់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែលោក Marcelo Lopes គឺជាអ្នកសម្របសម្រួលសន្តិសុខពន្ធនាគារ និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមអ្នកទោសចាប់ខ្លួននគរបាលម្នាក់ប៉ុណ្ណោះ ធ្វើជាចំណាប់ខ្មាំង ។
លោក Lopes និយាយថា ពួកយើងដឹងថា អំពើកុបកម្ម បានកើតឡើងអំឡុងពេលចែកអាហារដល់អ្នកទោស ។ ពួកគេបានចាប់នគរបាលម្នាក់ ក្នុងចំណោមមន្រ្តីនគរបាលរបស់ពួកយើងធ្វើជាចំណាប់ខ្មាំង ។
សាច់ញាតិម្នាក់របស់អ្នកទោស បាននិយាយពេលដែលក្រុមគ្រួសាររងចាំដំណឹងពីក្រុមអាជ្ញាធរថា ការសួរសុខទុក្ខបងប្អូននៅក្នុងពន្ធនាគារ ត្រូវបានផ្អាក ស្របពេលដែលអ្នកទោសមួយចំនួនកាន់កាំភ្លើងភ្ជង់នគរបាល ។
ដោយឡែក អភិបាលរដ្ឋ Acre លោក Gladson Cameliនិយាយថា ក្រុមនគរបាលក្នុងស្រុក នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីកងកម្លាំងសន្តិសុខរដ្ឋាភិបាលសហព័ន្ធ ដើម្បីជួយគ្រប់គ្រងស្ថានការនៃអំពើកុបកម្មនេះ ៕