ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានផ្ញើសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ចំពោះការគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានសរសេរតាមរយៈបណ្ដាញតេឡេក្រាម ដោយផ្ដាំដល់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើនផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចបានកាន់តំណែងជានាយករដ្ឋមន្រ្ដីនេះអស់រយៈពេល ជាឆ្នាំ៣៨ ឆ្នាំ៧ ខែ និង៨ថ្ងៃ។
ខណៈសម្តេចតេជោបានប្រកាសថាក្រោយការប្រជុំរដ្ឋសភានៅល្ងាចថ្ងៃទី២២ ខែសីហា គណរដ្ឋមន្រ្ដីនឹងស្បថចូលកាន់តំណែងដើម្បីដឹកនាំរាជរដ្ឋាភិបាល ក្នុងពេលនោះឯកឧត្ដម ហ៊ុន ម៉ាណែតក៏នឹងក្លាយជានាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជាជាផ្លូវការដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា