ភ្នំពេញ៖ របាយការណ៍គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បង្ហាញថា ដំណើរការចាក់វ៉ាក់សាំងសម្រេចបានជិត ២២ភាគរយហើយមកដល់ត្រឹមថ្ងៃនេះ។
គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានបង្ហាញរបាយការណ៍ថា ប្រជាពលរដ្ឋដល់ទៅជាង ២លាន ១៦ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសក្នុងរយៈពេល ៩៩ថ្ងៃកន្លងមកនេះ ដែលតួលេខនេះស្មើនឹង ២១.៦៨ភាគរយនៃតួលេខប្រជាពលរដ្ឋ ១០លាននាក់ ដែលរាជរដ្ឋាភិបាលកំណត់ឱ្យចាក់វ៉ាក់សាំងនៅត្រឹមដំណាច់ឆ្នាំនេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋដល់ទៅជាង ១លាន ១៣ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងទាំង ២ដូសរួចរាល់។
របាយការណ៍នេះ បានឱ្យដឹងផងដែរថា មានពលរដ្ឋដល់ទៅជាង ២លាន ២៣ម៉ឺននាក់ បានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាកសាំង ប៉ុន្តែ ពលរដ្ឋដល់ទៅជិត ៧ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយ ដោយសារបញ្ហាសុខភាពរបស់ពួកគាត់។
យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមតាំងពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកតែ ៣ថ្ងៃប៉ុណ្ណោះក្រោយពីកម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាមជាលើកដំបូង៕
