
មេដឹកនាំពិភពលោក និងប្លុកក្នុងតំបន់ បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ពីសំណាក់សមាជិកនៃក្រុមអង្គរក្សការពារប្រធានាធិបតី ដោយកាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ក្រុមប្រឹក្សាប្រធានាធិបតីនីហ្សេ បានឲ្យដឹងតាមរយៈបណ្ដាញសង្គម Twitter ថា សមាជិកនៃក្រុមអង្គរក្សទាំងនោះ បានព្យាយាមធ្វើចលនាប្រឆាំងនឹងលោក Bazoum។
ក្រុមប្រឹក្សានោះ បាននិយាយថា សមាជិកនៃកងអង្គរក្សទាំងនោះ បានចូលរួមក្នុង «បាតុកម្មប្រឆាំងសាធារណរដ្ឋ» ហើយបានព្យាយាម «មិនបានសម្រេច» ដើម្បីទទួលបានការគាំទ្រពីកងកម្លាំងសន្តិសុខផ្សេងទៀត។
ក្រោយកើតមានហេតុការនេះ មេដឹកនាំក្នុងតំបន់ ប្លុកនានា និងអង្គការសហប្រជាជាតិ បានចេញមកថ្កោលទោសដូចៗគ្នា ដោយសហភាពអាហ្រ្វិក និងប្លុកអាហ្រ្វិកខាងលិច (ECOWAS) បានច្រានចោលនូវអ្វីដែលប្លុកនេះហៅថា ជា«ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ហើយបានអំពាវនាវដល់ជនជាតិនីហ្សេ និងអាហ្រ្វិក ឲ្យ«ចូលរួមថ្កោលទោសជាឯកច្ឆន្ទចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ និងឲ្យមាននូវការវិលត្រឡប់ទៅវិញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌនៃទាហានឧក្រិដ្ឋជនទាំងនោះទៅកាន់បន្ទាយរបស់ពួកគេ។
ជាក់ស្ដែងប្រធានអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកឡើងថា មិនគាំទ្រនូវ«រាល់កិច្ចខិតខំ ដើម្បីដណ្តើមអំណាចដោយកម្លាំង» នោះឡើយ ហើយបានជំរុញឲ្យគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេ ខណៈដែលសហរដ្ឋអាមេរិកបានសម្តែងនូវការបារម្ភយ៉ាងខ្លាំងក្លា និងបានអំពាវនាវឲ្យដោះលែងលោក Bazoum។ ហើយប្រទេសបារាំង ដែលជាអតីតមហាអំណាចអាណានិគម និងប្រទេសជិតខាងអាល់ហ្សេរី ក៏បានចេញមករិះគន់ធ្ងន់ៗផងដែរ។
ចំណែកឯសហភាពអឺរ៉ុប បាននិយាយថា សហភាពនេះ សូមគាំទ្រថ្នាក់ដឹកនាំទាំងអស់ ជាពិសេសប្លុក ECOWAS និងសូមថ្កោលទោស ចំពោះ«ការប៉ុនប៉ងណាមួយ ដើម្បីធ្វើឲ្យអស្ថិរភាពលទ្ធិប្រជាធិបតេយ្យ និងគំរាមកំហែងដល់ស្ថិរភាព» របស់ប្រទេសនីហ្សេ ស្របពេលចក្រភពអង់គ្លេសដែលតំណាងដោយអនុរដ្ឋមន្ត្រីការបរទេស លោក Andrew Mitchell បានលើកឡើងថា ចក្រភពអង់គ្លេស សូមប្រឆាំងជាដាច់ខាតនូវរាល់ការប៉ុនប៉ងបំផ្លាញស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសនីហ្សេ៕