
ប្រធានគ្រប់គ្រងវិបត្តិប្លុកសហភាពអឺរ៉ុប និយាយថា ពួកគេចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងឆ្នាំនេះ ទិញយន្តហោះពន្លត់អគ្គិភ័យថ្មីចំនួន ១២គ្រឿងបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពពន្លត់ភ្លើងឆេះព្រៃដែលបង្កឡើដោយសារបម្រែបម្រួលអាកាសធាតុ ។
សហភាពអឺរ៉ុប បានបង្កើនសមត្ថភាពទ្វេដងនៃកងយន្តហោះពន្លត់អគ្គិភ័យកាលពីឆ្នាំកន្លងទៅ ក្រោយភ្លើងឆេះព្រៃកាលពីរដូវក្តៅមុន នៅតំបន់ភាគខាងត្បូងអឺរ៉ុប បានធ្វើឲ្យអស់សមត្ថភាពយន្តហោះ ១៣គ្រឿងដែលមានកាលពីមុន ។
ស្របពេលដែលបម្រែបម្រួលអាកាសធាតុ បង្កើនហានិភ័យភ្លើងឆេះព្រៃធ្ងន់ធ្ងរនោះ ស្នងការគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុបលោក Janez Lenarcic និយាយថា ទីក្រុងព្រុចសែល ចង់បានកិច្ចសន្យាដែលបានចុះហត្ថលេខានៅក្នុងឆ្នាំនេះ ដើម្បីទិញយន្តហោះពន្លត់អគ្គិភ័យផ្ទាល់ខ្លួនសហភាពអឺរ៉ុបចំនួន ១២គ្រឿង បន្ថែមពីលើយន្តហោះពន្លត់អគ្គិភ័យមានស្រាប់ ១២គ្រឿងទៀត ដើម្បីពង្រឹងសមត្ថភាពកងយន្តហោះជាតិផ្ទាល់របស់ប្លុកប្រទេសមួយនេះ ។
បណ្តាប្រទេសនៅសហភាពអឺរ៉ុប កំពុងទទួលខុសត្រូវចំពោះការឆ្លើយតបនឹងករណីភ្លើងឆេះព្រៃ និងស្នើសុំជំនួយពីកងយន្តហោះបម្រុងរបស់សហភាពអឺរ៉ុប នៅពេលដែលពួកគេត្រូវការការគាំទ្រ ។ សហភាពអឺរ៉ុបអាចផ្តល់ការគាំទ្រសង្រ្គោះបន្ទាន់ដល់ប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបផងដែរ ។
ប្លុកប្រទេសមួយនេះ ទទួលបានសំណើលសុំជំនួយយន្តហោះពន្លត់អគ្គិភ័យ ចំនួន ១១លើកក្នុងឆ្នាំ ២០២២ ហើយពួកគេទទួលបានសំណើរ ៤លើកទៀត គិតមកទល់នឹងពេលនេះក្នុងឆ្នាំនេះ ដែលរួមទាំងសំណើរនៅប្រទេសក្រិក និងប្រទេសទុយនីស៊ី ជាកន្លែងដែលកងយន្តហោះពន្លត់អគ្គិភ័យបម្រុងរបស់សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃ ៕