
ឯកសារដែលបានចុះផ្សាយដោយទីភ្នាក់ងារសុខភាពអង្គការសហប្រជាតិជាតិ(UN)បង្ហាញថា ឱសថព្យាបាលជំងឺលើសទម្ងន់ គ្មាននៅលើបញ្ជីថ្នាំពេទ្យចាំបាច់(EML)ចុងក្រោយរបស់អង្គការសុខភាពពិភពលោក(WHO)នោះទេ ប៉ុន្តែការព្យាបាលជំងឺផ្សេងទៀត រួមទាំងជំងឺអេបូឡា និងជំងឺក្រិនកោសិកា ត្រូវបានរួមបញ្ចូល ។
ក្រុមអ្នកជំនាញនិយាយថា បញ្ជី EML របស់ WHOគឺជាកាតុឡុកឱសថមានសម្រាប់ប្រព័ន្ធសុខភាពដែលមានមុខងារទាំងអស់ ។ ការរួមបញ្ចូលនៅលើបញ្ជី អាចមានសារសំខាន់សម្រាប់ការប្រើប្រាស់ ជាឧទាហរណ៍ ការបន្ថែមឱសថវីរុសហ៊ីវ កាលពីឆ្នាំ ២០២២ បានជួយឲ្យមានថ្នាំពេទ្យកាន់តែច្រើនសម្រាប់អ្នកជំងឺអេដស៍ នៅតាមបណ្តាប្រទេសក្រីក្រ ។
ក្រុមបណ្ឌិតសភាសហរដ្ឋអាមេរិក បានស្នើសុំឲ្យរួមបញ្ចូលឱសថព្យាបាលជំងឺលើសទម្ងន់ទៅលើបញ្ជីថ្នាំពេទ្យចាំបាច់របស់ WHO ជាលើកដំបូងកាលពីដើមឆ្នាំនេះ ប៉ុន្តែលោក Benedikt Huttnerដែលក្រុម WHOរបស់លោកដឹកនាំបញ្ជី EMLនោះ និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា មានភាពពុំច្បាស់លាស់ពីរយៈពេលព្យាបាល ដោយសារតែពេលដែលអ្នកឈប់ព្យាបាល ទម្ងន់ក៏ចាប់ផ្តើមលើសឡើងវិញ ។
លោកបន្តថា ឱសថមួយនេះ អាចនឹងពិចារណានៅពេលអនាគត ពេលដែលមានភស្តុតាងរយៈពេលវែងជាងនេះ ។
សូមបញ្ជាក់ថា ការសម្រេចចិត្តបែបនេះ គឺជាផ្នែកមួយនៃការផ្តល់ព័ត៌មានចុងក្រោយដ៏ធំទូលាយជាងមុនស្តីពីបញ្ជី EML បន្ទាប់ពីជំនួបរបស់ក្រុមអ្នកជំនាញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមេសាកន្លងទៅ ។
ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីណែនាំការសម្រេចចិត្តលើការបញ្ជាទិញរបស់រដ្ឋាភិបាលនៅតាមបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម ៕