ភ្នំពេញ ៖ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ នេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គ ណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។ នេះបើតាមឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុករបស់ឯកឧត្ដមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្ដមបន្តថា ការអនុវត្តផែនការបន្តវេននេះជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រ ទេសកម្ពុជានាសតវត្សរ៍ទី២១ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលើពិភពលោក និងជាអ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា នឹងចាកចេញពីតំណែងជានា យកដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ហើយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលអ្នកដឹកនាំជំនា ន់ទី២ នឹងចូលមកទទួលខុសត្រូវក្នុងមុខតំណែងដ៏មានសារៈសំខាន់មួយនេះ។
ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានការផ្ទេរអំណាចឬការបន្តវេនប្រកបដោយសន្តិភាពនិងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កម្សត់មួយនេះពើបប្រទះតែសង្គ្រាមដណ្តើមអំ ណាច ចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹមត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ, ជាពិសេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ប្រវត្តិសាស្ត្រកម្ពុជាចារដោយភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនៃប្រជាជនខ្មែរ។
ក្រោយថ្ងៃ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ទី១ នៃគណបក្សប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូលបានរួចរស់ពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានដណ្តើមមកវិញនូវសិទ្ធិរស់រានមានជីវិត, បានស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធសង្គម និងសេដ្ឋកិច្ចពីគំ នរផេះផង់នៃភ្នក់ភ្លើងសង្គ្រាម, បានធ្វើឱ្យរស់ឡើងវិញនូវព្រលឹងនៃវប្បធម៌ជាតិ ជំនឿ សាសនា និងប្រ ពៃណី និងនាំត្រឡប់មកវិញនូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន។
រយៈពេលជាង៤ទសវត្សរ៍មកនេះ ជាមួយនឹងការយកអាយុជីវិតជាដើមទុន អ្នកដឹកនាំជំនាន់ទី១នៃគ ណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេ តុរំដោះជាតិ, ស្តារនិងកសាងប្រទេសជាតិឡើងវិញ, ទប់ស្កាត់ការវិលត្រឡប់នៃរបសប្រល័យពូជសា សន៍, នាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ, អភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាងពីរទសវត្សរ៍, នាំមកនូវមោទនភាពនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, លើកកម្ពស់តួនាទីកម្ពុជាក្នុងកិច្ចការតំបន់ និងពិ ភពលោក, ពង្រឹងដំណើរការប្រជាធិបតេយ្យភាវូបនិយកម្ម, លើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ, និងការ ពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិ។
ឯកឧត្ដមបន្ថែមថា ឥឡូវនេះ រដ្ឋបុរសដ៏មហិមាម្នាក់នេះ និងអេគីបរបស់គាត់ បានផ្ទេរការទទួលខុសត្រូ វដ៏សំខាន់ស្លាប់រស់ទាំងនេះទៅកាន់អ្នកបន្តវេន គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអេគីបថ្មីរបស់គា ត់ ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេសថែរក្សា និងការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផល និងមរតកទាំងឡាយដែលអ្នកដឹកនាំជំនាន់ទី១ បង្កើតឡើងនិ ងបន្សល់ទុក, សម្រេចឱ្យបាននូវចក្ខុវិស័យដែលអ្នកដឹកនាំជំនាន់ទី១ បានដាក់ចេញដូចជា ការរំដោះក ម្ពុជាចេញពីឋានៈនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC), ការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាដើម, ព្រមទាំងបង្កើតនូវសមិទ្ធផលនិងមរតកថ្មីៗថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួកគេកាន់តែមានមោទនភាព និងសុទិដ្ឋិយមចំពោះប្រទេសជាតិ។
ពេលនេះ ជាងពេលណាៗទាំងអស់ ដែលប្រជាជាតិកម្ពុជាទាំងមូល គាំទ្រ អបអរសាទរ និងមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអនុវត្តផែនការបន្តវេននៃមគ្គុទេសក៍ជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយដែលឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ និងសំណូមពរនៃស ភាពការណ៍សង្គម និងនយោបាយ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបផ្ញើក្តីសង្ឃឹមទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាក ម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវ និងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន ដែលជាបណ្ដាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន៕ ដោយ៖ គង់ ឌិន
