
រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមរបស់ប្រទេសអ៊ីស្រាអែល លោក Itamar Ben-Gvir បានទៅទស្សនាបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡិម (Jerusalem) នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) នេះ ដែលជាថ្ងៃតមអាហាររបស់ជនជាតិជ្វីហ្វ Tisha B'av។
លោក Ben-Gvir បានអំពាវនាវឲ្យមានការរួបរួមគ្នារយៈពេល ៣ថ្ងៃ បន្ទាប់ពីសភាអ៊ីស្រាអែល បានផ្តល់សច្ចាប័នលើច្បាប់ថ្មី ដែលដកហូតអំណាចតុលាការកំពូលមួយចំនួន។ ការកែប្រែប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលនេះ បានធ្វើប្រទេសអ៊ីស្រាអែលធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបង្កឲ្យមានការតវ៉ាទូទាំងប្រទេសជាច្រើនខែ និងការបារម្ភរបស់សហរដ្ឋអាមេរិក។
ថ្ងៃតមអាហារ Tisha B'av ជាការរំលឹកដល់ការបំផ្លិចបំផ្លាញលើប្រាសាទរបស់ជនជាតិជ្វីហ្វទាំង២ នៅក្រុងហ្ស៊េរុយសាឡិមសម័យបុរាណ ដែលអ្នកប្រាជ្ញទាំងឡាយ បានស្ដីបន្ទោសដល់ជម្លោះក្នុងតំបន់ ដែលឥតប្រយោជន៍។ នេះរាប់ថា ជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក Ben-Gvir ទៅកាន់បរិវេណដ៏ពិសិដ្ឋនេះ ពោលគឺជាកន្លែងសម្រាប់គោរពបូជាទាំងអ្នកកាន់សាសនាអ៊ីស្លាម និងជនជាតិជ្វីហ្វ គិតចាប់តាំងពីរូបលោកបានក្លាយជារដ្ឋមន្ត្រី៕