
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីរបស់ប្រមុខយោធារបស់ទីក្រុងម៉ានីលថា ប្រទេសចិនបានស្នើធ្វើសមយុទ្ធយោធារួមគ្នាជាមួយហ្វីលីពីន។
សារព័ត៌មាន CNN Philippines និង PTV គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន លោក Romeo Brawner នឹងសិក្សាសំណើ ដែលត្រូវបានដាក់ជូនរូបលោកដោយឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល។
លោក Brawner បាននិយាយនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះដោយសារព័ត៌មាន CNN Philippines នៅលើកម្មវិធីផ្ញើសារX ដែលពីមុនត្រូវបានគេស្គាល់ថាTwitterថា ពួកគេបាននិយាយថា ពួកគេបានដាក់ឯកសារសមួយចំនួនរួចហើយ យើងត្រូវសិក្សា។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីលោក Brawner ទេ ប៉ុន្តែអ្នកនាំពាក្យយោធា លោក Medel Aguilar បាននិយាយថា លោកបានឃើញវីដេអូនៃការសម្ភាសន៍របស់លោក Brawner ហើយបានរំលឹកឡើងវិញនូវការសន្ទនាដែលលោកបានធ្វើឡើងជាមួយអ្នកការទូតចិន គឺជារឿង«ក្រៅផ្លូវការ»។