នីហ្សេ៖ រថយន្តនិងអគារជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋ នីញ៉ាម៉េ (Niamey) របស់ប្រទេសនីហ្សេ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧កក្កដា បន្ទាប់ពីក្រុមអ្នកគាំទ្ររដ្ឋប្រហាររាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការគណបក្សកាន់អំណាច។
ក្រុមយុវជន បានចូលយកទោចក្រយានយន្ត កៅអី និងរបស់របរផ្សេងទៀតពីអគារនេះ។

ក្រុមអ្នកតវ៉ាផ្សេងទៀតបានក្រវីទង់ជាតិរុស្ស៊ី និងស្រែកពាក្យស្លោកប្រឆាំងបារាំង ដែលឆ្លុះបញ្ចាំងពីការកើនឡើងរលកនៃការអាក់អន់ចិត្តចំពោះអតីតមហាអំណាចម្ចាស់នឹមអាណានិគមន៍បារាំង និងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់សាហេល(Sahel region)។
គួររម្លឹកថាប្រទេសនីហ្សេ បានទទួលឯករាជ្យពីប្រទេសបារាំង កាលពីឆ្នាំ១៩៦០។
ការតវ៉ាជាបន្តបន្ទាប់កើតឡើង ខណៈទីបញ្ជាការកងទ័ពរបស់ប្រទេសនីហ្សេ បានប្រកាសគាំទ្ររដ្ឋប្រហារ កាលពីមួយថ្ងៃមុន ដោយក្រុមទាហាននៃអង្គភាពកងអង្គរក្សរបស់ប្រធានាធិបតី ។
លោកវរសេនីយឯក អាម៉ាដូ អាបដ្រាម៉ាណេ(Amadou Abdramane) បានប្រកាសតាមទូរទស្សន៍រដ្ឋថា គ្រប់សកម្មភាពរបស់គណបក្សនយោបាយទាំងអស់ ត្រូវបានផ្អាក ។
ទាហានមួយក្រុមបានប្រកាស ក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ជ្រៅថ្ងៃពុធទី២៦កក្កដាថា ពួកគេបានឃុំខ្លួនប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែងលោក មហាម៉េដ បាហ្ស៊ូម(Mohamed Bazoum) នោះហើយ។
រដ្ឋាភិបាលយោធាក្នុងប្រទេសជិតខាង ម៉ាលី និងប៊ូគូណា ហ្វាសូ បានខិតចូលទៅរករុស្ស៊ី កាន់តែជិត ចាប់តាំងពីពួកគេបាន គ្រប់គ្រង កាលពីឆ្នាំ២០២០ និង២០២២។
ប្រទេសទាំងនោះ បានកាត់ផ្ដាច់ទំនាក់ទំនងជាប្រពៃណីជាមួយសម្ព័ន្ធមិត្តលោកខាងលិច៕

