អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ដែលបានប្រឆាំងទៅនឹងកំណែទម្រង់ប្រព័ន្ធតុលាការ ផ្ដួចផ្ដើមដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ទី២៧កក្កដា ប៉ុន្មានថ្ងៃ បន្ទាប់ពីសភាបានអនុម័តចំណុចកែប្រែលើកដំបូង ដែលកម្រិតអំណាចរបស់តុលាការក្នុងការគ្រប់គ្រងសកម្មភាពរបស់រដ្ឋាភិបាល និងបង្កើនក្ដីបារម្ភពីសុចរិតភាពនៃលទ្ធិប្រជាធិបតេយ្យមានអាយុកាល៧៥ឆ្នាំរបស់អ៊ីស្រាអែល។
លោកប្រធានាធិបតីអ៊ីស្រាអែលបានជំរុញដល់ភាគីជម្លោះទាំង២ឲ្យរក្សាភាពស្ងៀមស្ងាត់ជុំវិញកំណែទម្រង់ប្រព័ន្ធតុលាការដែលបានអនុម័តកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បញ្ចៀសអំពើហិង្សា ដោយការប្រើប្រាស់ឱកាសនៃពិធីបុណ្យតមអត់អាហាររបស់ជនជាតិជ្វីសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអំពាវនាវឲ្យមានការផ្សះផ្សា ខណៈក្រុមអ្នកតវ៉ាបានសន្យាប្រមូលផ្ដុំតវ៉ាបន្ថែមទៀត ។
ផែនការដែលកំពុងត្រូវបានអនុវត្តដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងរដ្ឋាភិបាលស្តាំនិយមរបស់លោក បានជំរុញឲ្យមានការតវ៉ាជាច្រើនខែមិនធ្លាប់មាន បើកការបែកបាក់យ៉ាងជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល និងបានធ្វើឲ្យមានភាពតានតឹងដល់ភក្តីភាពរបស់កងទ័ពបម្រុងមួយចំនួន។
គិតមកដល់សប្ដាហ៍នេះ នៅក្នុងខែទី៧របស់ខ្លួន វិបត្តិបានកើនឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីសភាបានអនុម័តកំណែទម្រង់នេះជាលើកដំបូង៕

