ក្រិក៖ នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) បាននិយាយថា ប្រទេសក្រិក ចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ខណៈដែលចំហេះព្រៃនៅភាគកណ្តាលនៃប្រទេស បានឆាបឆេះ ដោយបង្ខំឲ្យមានការជម្លៀសកាន់តែច្រើន និងការផ្ទុះនៅឃ្លាំងរំសេវ។

ទូរទស្សន៍រដ្ឋក្រិក ERT បានរាយការណ៍ថា សំឡេងផ្ទុះយ៉ាងខ្លាំង ត្រូវបានឮចេញពីឃ្លាំងគ្រាប់រំសេវ នៅក្នុងទីក្រុងឆ្នេរសមុទ្រ Nea Aghialos។ រូបភាពពីវីដេអូ បានបង្ហាញឲ្យឃើញពីសំណុំផ្សែង ដែលហុយទ្រលោមឡើងទៅលើមេឃ ខណៈដែលឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានប្រឹងប្រែងទម្លាក់ទឹកពីលើដើម្បីពន្លត់ភ្លើង ហើយអ្នកស្រុក បានជម្លៀសចេញពីតំបន់នោះ។
ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះ ទូរទស្សន៍ ERT បានឲ្យដឹងថា ឃ្លាំងគ្រាប់រំសេវជារបស់កងទ័ពអាកាសក្រិក ហើយភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីការមានរបួសនោះទេ។ គ្រោះអគ្គិភ័យនៅទូទាំងប្រទេស ដែលរីករាលដាលកាន់តែឆាប់រហ័ស និងកាន់តែមានឥទ្ធិពលខ្លាំង ដោយសារកម្លាំងខ្យល់បក់ខ្លាំង និងសីតុណ្ហភាពឡើងខ្ពស់លើសពី ៤០អង្សាសេ បានសម្លាប់មនុស្ស ២នាក់បន្ថែមទៀត នៅកណ្តាលប្រទេសក្រិក កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ដោយធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនេះ កើនឡើងដល់ ៥នាក់ហើយ។
ចាប់តាំងពីថ្ងៃពុធមក ក្រុមមន្ត្រីបានបញ្ជាឲ្យជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ដែលរងគ្រោះខ្លាំង Magnesia ដែលជាតំបន់ឆ្នេរភាគខាងជើងនៃទីក្រុងអាតែន។ មនុស្សកាន់តែច្រើនត្រូវបានជម្លៀសចេញដោយបង្ខំ កាលពីថ្ងៃព្រហស្បតិ៍ ដោយខ្លះតាមរយៈទូកល្បឿនលឿនឯកជន ហើយធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Volos ដែលនៅជិតនោះ ខណៈដែលអណ្តាតភ្លើងបានឆាបឆេះឡើងវិញ៕
