ស៊ីរី ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា គ្រាប់បែកមួយគ្រាប់ដែលដាក់ក្នុងរថយន្ត បានផ្ទុះនៅខាងក្រៅទីក្រុងសក្ការបូជា Sayeda Zeinab ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់ (Damascus) ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងរងរបួសជាច្រើននាក់ទៀត។

អ្នកយកព័ត៌មានរបស់ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ចំនួនអ្នកបាត់បង់ជីវិតបឋម បានបង្ហាញថា អាចនឹងមានមនុស្សស្លាប់ ៦នាក់។ ស្ថានីយទូរទស្សន៍នេះបានចាក់ផ្សាយវីដេអូពីរូបភាពរថយន្តដែលឆេះខ្លោចផ្នែកខាងមុខ។ អ្នកស្រុកម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង នៅម៉ោងប្រហែល ៥:៣០ល្ងាច (ត្រូវនឹងម៉ោង ១៤:៣០ ម៉ោងសកល) បន្ទាប់មកកងកម្លាំងសន្តិសុខបានបិទតំបន់នោះ។
នេះជាការវាយប្រហារលើកទី២ លើទីកន្លែងសក្ការៈ ក្នុងសប្តាហ៍នេះ។ នៅមុននេះ មនុស្ស ២នាក់ បានរងរបួស នៅក្នុងការបំផ្ទុះដាច់ដោយឡែកមួយ កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កា)។ នេះគឺជារដូវកាលដ៏ពេញនិយម សម្រាប់ការទៅកាន់ទីកន្លែងសក្ការបូជា ខណៈដែលអ្នកកាន់សាសនាអ៊ីស្លាមស៊ីអ៊ីត (Shi'ite) សម្រុកទៅទីនោះ ដើម្បីប្រារព្ធពិធីបុណ្យកាន់ទុក្ខ Ashura។

ភ្លាមៗនេះ នៅមិនទាន់មានការអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ កាលពីថ្ងៃព្រហស្បតិ៍នោះ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងពីការវាយប្រហារកាលពីលើកមុនមកលើទីតាំងសក្ការបូជានេះ។ គួររំលឹកដែរថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបែបនេះ ក្នុងឆ្នាំ២០១៧ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់៕