ប្រេស៊ីល៖ រដ្ឋាភិបាលនៃរដ្ឋ Parana របស់ប្រទេសប្រេស៊ីល និងក្រុមហ៊ុនពាក់ព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួស បន្ទាប់ពីមានការផ្ទុះក្នុងឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិ កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) នៅឯសហករណ៍កសិកម្មមួយ នៅភាគខាងត្បូងប្រទេស។

ការោផ្ទុះនោះ បានកើតឡើងនៅឯសហករណ៍ C.Vale ក្នុងទីក្រុងតូចប៉ាឡូទីណា ដែលមានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ពីរដ្ឋធានី Curitiba របស់ Parana ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋកសិកម្មឈានមុខរបស់ប្រទេសប្រេស៊ីល។ សហករណ៍ C.Vale បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលហេតុនៃការផ្ទុះ នៅមិនទាន់អាចកំណត់បាននោះទេ នាពេលនេះ ដោយសារក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួននៅឡើយ។
អ្នកនាំពាក្យតំណាងឲ្យក្រុមហ៊ុនបាននិយាយថា មនុស្ស ៧នាក់ ដែលបានស្លាប់ ជាកម្មករបរទេស ដោយភាគច្រើនជាជនជាតិហៃទី និងម្នាក់ជាជនជាតិប្រេស៊ីល។ សហករណ៍ C.Vale បាននិយាយថា កន្លែងផ្ទុកគ្រាប់ធញ្ញជាតិ ដែលមានការផ្ទុះនេះ បានស្តុកទុកសណ្តែកសៀងប្រហែល ១២.០០០តោន និងពោត ៤០.០០០តោន៕
