ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាការពារសន្តិភាព ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃនេះ ចំថ្ងៃដែលកម្ពុជាប្រារព្ធទិវាចងចាំ ២០ឧសភា ដែលការប្រារព្ធពិធីនៅឆ្នាំនេះ ធ្វើឡើងតាមបែបបទថ្មីទៅតាមវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់លើទំព័រហ្វេសប៊ុកថា៖ «ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។
ទិវាជាតិនៃការចងចាំ ២០ឧសភា គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅចន្លោះឆ្នាំ១៩៧៥ រហូតដល់មុនថ្ងៃជ័យជម្នះ ៧មករា ១៩៧៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីលំនៅឋានរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញទៀតថា ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព និងគ្មានលទ្ធិប្រជាធិបតេយ្យនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ»។ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានឡើងគ្រប់គ្រង និងដឹកនាំប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់របបនេះបានដួលរលំនៅត្រឹមថ្ងៃ ៧ មករា ១៩៧៩៕


