កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបង្ហាញមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងយានដ្រូនវាយប្រហារថ្មីនៅឯក្បួនព្យុហយាត្រាយោធាដ៏ធំមួយដែលបានប្រារព្ធឡើងនៅទីក្រុងព្យុងយ៉ាង។
ព្រឹត្តិការណ៍នេះ បានកើតឡើងក្រោមអធិបតីភាពរបស់មេដឹកនាំលោក Kim Jong Un និងគណៈប្រតិភូមកពីប្រទេសចិន និងរុស្ស៊ី។ ក្បួនដង្ហែដែលបានប្រារព្ធឡើងក្នុងខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ រំឭកដល់ ទិវាជ័យជម្នះ នៅក្នុងប្រទេសកូរ៉េខាងជើង។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូចិន និងរុស្ស៊ីទៅកាន់កូរ៉េខាងជើង ចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសលើCOVID-19។វត្តមានរបស់គណៈប្រតិភូអមដោយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានការគាំទ្រពីប្រទេសចិន និងរុស្ស៊ី ខុសពីឆ្នាំមុនៗ នៅពេលដែលប្រទេសទាំងពីរបានឃ្លាតឆ្ងាយពីការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក្បួនព្យុហយាត្រានេះ បានបង្ហាញមីស៊ីលអន្តរទ្វីបចុងក្រោយបង្អស់របស់ប្រទេស គឺ វ៉ាសុង -១៧ (Hwasong-17)និង វ៉ាសុង -១៨ (Hwasong-18)។ គេជឿថាមីស៊ីលទាំងនេះមានសមត្ថភាពវាយប្រហារគោលដៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះក៏មានការបង្ហាញការហោះហើរពីលើអាកាសទាបៗ និងយានដ្រូនចារកម្មថ្មីៗ។

ការតាំងបង្ហាញទាំងនេះស្ដែងឲ្យឃើញពីការរីកចម្រើនផ្នែកយោធាដែលនៅតែបន្តរបស់កូរ៉េខាងជើង និងការប្តេជ្ញាចិត្តក្នុងការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះក្បួនព្យុហយាត្រាបែបនេះ ដើម្បីវាស់ស្ទង់សមត្ថភាព និងចេតនាយោធារបស់ប្រទេសឯកាមួយនេះ ៕