ភ្នំពេញ៖ ស្ថានទូតទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវបន្តដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជានាពេលខាងមុខនេះ។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តី ហើយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧នេះ តំណាងស្ថានរុស្ស៊ីប្រចាំកម្ពុជា ថ្លែងប្រាប់ BTV News ឲ្យដឹងថា រុស្ស៊ី និងកម្ពុជាមានទំនាក់ទំនងមិត្តភាពយូរអង្វែងណាស់មកហើយ ដែលភាគីទាំងពីរបាននឹងកំពុងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ស្ថានទូតរុស្ស៊ីបន្តថា ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសរុស្ស៊ីមើលឃើញថាបានឆ្លុះបញ្ចាំងការបន្តជំរុញកិច្ចសន្ទនាជាពហុភាគី។
ជាមួយនឹងការត្រៀមឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនេះ ស្ថានទូតរុស្ស៊ី បានបញ្ជាក់ថា៖ «ប្រទេសរុស្ស៊ី កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មី ដែលត្រូវបានរំពឹងថា នឹងបង្កើតនៅខែក្រោយ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ មិនថាជាទំនាក់ទំនងរវាងជំនាន់ផ្សេងគ្នា និងសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ»។
លើសពីនេះស្ថានទូតរុស្ស៊ី បន្ថែមថា បន្ទាប់ពីការបោះឆ្នោតរដ្ឋសភា ប្រទេសរុស្ស៊ីបានអះអាងជាថ្មីនូវចេតនារបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែលមានស្រាប់ ក្នុងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។
សូមជម្រាបថា ក្រោយការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អំពីការលាលែងពីតំណែងនាយករដ្ឋមន្រ្ដី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខនេះ មហាជនជាតិ និងអន្តរជាតិ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំបន្តទៅមុខទៀត៕អត្ថបទ សេក ឧត្តម