ភ្នំពេញ៖ ក្រុមអ្នកវិភាគចាស់វស្សានៅក្នុងប្រទេសកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា នាពេលខាងមុខនេះ ដោយក្រុមអ្នកវិភាគមើលឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយធនធានមនុស្សវ័យក្មេង ដូច្នេះការរៀបចំរាជរដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺបានបង្ហាញតុល្យភាពជាមួយប្រជាពលដ្ឋរបស់ខ្លួន។
លោកបណ្ឌិត គិន ភា ក្នុងនាមជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម នយោបាយមើលឃើញថា «ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១»។
លោកលើកឡើងថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដានេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគសង្គមនយោបាយ បានស្វាគមន៍នៅការបន្តវេនថ្នាក់ដឹកនាំ ដែលបានជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិថ្មីនេះ។ លោកមានមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជាពោរពេញទៅដោយធនធានមនុស្សវ័យក្មេង ដូច្នេះការរៀបចំរដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺជាបង្ហាញតុល្យភាពជាមួយប្រជាពលដ្ឋរបស់ខ្លួន។
ចំណែលោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ បានមើលឃើញថា បើគិតថា ទំពាំងស្នងឬស្សីនោះ ប្រទេសកម្ពុជានឹងទទួលបានឬស្សីមកទៀត ដែលនេះបង្ហាញថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អាចដឹកនាំប្រទេសកម្ពុជាមិនចាញ់សម្ដេចតេជោ ហ៊ុន សែន ដែរ។
សូមជម្រាបថា នៅសល់រយៈពេលប្រមាណ ៣ សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រោយកិច្ចប្រជុំរដ្ឋសភាជាតិ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មីនឹងត្រូវប្រកាសចូលកាន់តំណែងហើយពេលនោះឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជាជាផ្លូវការផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា
