ភ្នំពេញ៖ ក្រុមគ្រួសារក្រីក្រ មានបណ្ណសមធម៌ បច្ចុប្បន្នកំពុងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។ អត្ថប្រយោជន៍ទាំងនោះបូករួមទាំងការព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងបូករួមទាំងការទទួលបានថវិកាឧបត្ថម្ភជាប្រចាំខែផងដែរ។
ស្របពេលការទទួលបានការជួយជាច្រើនពីរាជរដ្ឋាភិបាល ក្រុមគ្រួសារក្រីក្រនៅតែជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី គឺនៅតែបន្តអ្វីដែលរាជរដ្ឋាភិបាលចាស់បាននឹងកំពុងជួយដល់ពួកគេ និងបង្កើនការយកចិត្តទុកដាក់បន្ថែមផងដែរ។
រយៈពេលប្រមាណ១ខែខាងមុខទៀតនេះ កម្ពុជានឹងមានរាជរដ្ឋាភិបាលថ្មីកើតឡើង ជាមួយនឹងនាយករដ្ឋមន្រ្តីថ្មីផងដែរ។ នាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន។
សម្រាប់រាជរដ្ឋាភិបាលថ្មីដែលត្រៀមនឹងបង្កើតឡើងនេះ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជឿជាក់ និងផ្ដល់ទំនុកចិត្តចំពោះការដឹកនាំប្រទេស ដែលអាចបន្តរក្សាសុខសន្តិភាព ការរីកចម្រើន និងការគិតគូដល់ប្រជាពលរដ្ឋគ្រប់រូប។
សម្រាប់ប្រជាពលរដ្ឋក្រីក្រមានបណ្ណសមធម៌ ដែលអាចចាត់ទុកថាជាក្រុមងាយរងគ្រោះ បង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ថ្នាក់ដឹកនាំថ្មី នឹងបន្តគាំទ្រយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ពួកគេ ដូចអ្វីដែលពួកគេកំពុងទទួលបានក្នុងពេលបច្ចុប្បន្ន។ អត្ថប្រយោជន៍ដែលពួកគេទទួលបាននៅពេលនេះ គឺទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ និងការទទួលបានថវិកាជាប្រចាំខែផងដែរ។
រាជរដ្ឋាភិបាលថ្មីនេះ កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧។ ទោះមានការផ្លាស់ប្ដូរ សមាសភាពនាយករដ្ឋមន្រ្តីថ្មីក្ដី សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា ដាក់ចេញកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ ចំណុច ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧។ ចំណុចអាទិភាពទាំង ៦នេះ ក៏មានចំណុចមួយចំនួនផ្តោតលើ ក្រុមពលរដ្ឋងាយរងហានិភ័យផងដែរ។ ជាក់ស្ដែង នឹងមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណជាង ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា
និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ រីឯចំណុចសំខាន់មួយទៀត គឺបញ្ជាក់ពី ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន ទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។
ចំពោះផ្នែកសុខាភិបាលវិញ ក៏នៅបន្តផ្ដល់ការព្យាបាលជូនគ្រួសារក្រីក្រក្រីក្រ ងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល៕ អត្ថបទ៖ គឹមហុក