ភ្នំពេញ៖ តាមរយៈតេឡេក្រាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានា ក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំ ប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះសម្តេច និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ ។
សូមជម្រាបថា នៅសល់រយៈពេលប្រមាណ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រោយកិច្ចប្រជុំរដ្ឋសភាជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មី នឹងត្រូវប្រកាសចូលកាន់តំណែងហើយពេលនោះឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជាជាផ្លូវការផងដែរ៕
