មីយ៉ាន់ម៉ា៖ មន្រ្តីមួយរូបមកពីគណបក្សរបស់លោកស្រី បាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំស៊ីវិលសហភាពមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានគេទម្លាក់ចេញពីអំណាច អំឡុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ត្រូវបានគេនាំចេញពីពន្ធនាគារទៅកាន់អគាររដ្ឋាភិបាល ។
លោកស្រី អ៊ុងសាន ស៊ូជី ទើបតែគេមើលឃើញម្តងគត់នៅក្នុងរូបថតសារព័ត៌មានរដ្ឋ ពីបន្ទប់សវនាការគ្មានមនុស្សក្នុងរដ្ឋធានីណៃពិដោ ចាប់តាំងពីលោកស្រីត្រូវបានគេឃុំឃាំង ក្រោយរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា រដ្ឋប្រហារយោធា បានរុញច្រានប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ក្នុងជម្លោះដែលនាំឲ្យមនុស្សជាង ១លាននាក់ រត់ភៀសខ្លួន ។
មន្រ្តីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនៅថ្ងៃសុក្រនេះថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំចេញទៅកាន់បរិវេនអគារខ្ពស់មួយកន្លែងកាលពីយប់ថ្ងៃចន្ទ ។
មន្រ្តីគណបក្សរូបនោះ បានបញ្ជាក់ផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយប្រធានសភាមីយ៉ាន់ម៉ា លោក Ti Khun Myat ហើយទំនងជាបានជួបលោក Deng Xijuan(តេង ស៊ីជាន់) ដែលជាប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយនេះ ។
ដោយឡែក ប្រភពព័ត៌មានពីគណបក្សមួយផ្សេងទៀត បានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំទៅកាន់អគារសម្រាប់ភ្ញៀវពិសេស VIPស្ថិតក្នុងទីក្រុងណៃពិដោ ។
គួរឲ្យដឹងថា កាលពីខែកក្កដា កន្លងទៅ រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយថា លោកបានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី គឺជាជំនួបលើកដំបូងដែលគេបានដឹងជាមួយប្រេសិតពិសេសបរទេស ចាប់តាំងពីលោកស្រី ត្រូវបានឃុំឃាំង ។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា និយាយប្រាប់ AFPថា ជំនួបនោះ មានរយៈពេលជាង ១ម៉ោង ប៉ុន្តែពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតជុំវិញជំនួបនោះឡើយ ។
មាននូវក្តីកង្វល់ផងដែរពីសុខភាពរបស់ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ឆ្នាំម្នាក់នេះ ចាប់តាំងពីការឃុំឃាំងរបស់លោកស្រី រួមទាំងអំឡុងពេលការកាត់ទោសរបស់លោកស្រីនៅតុលាការយោធា ដែលត្រូវការឲ្យលោកស្រី ឡើងសវនាការស្ទើតែរាល់ថ្ងៃនោះ ។
សូមបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ លើករណីចោទប្រកាន់ជាច្រើន រួមទាំងករណីអំពើពុករលួយ ការគ្រប់គ្រងវិទ្យុទាក់ទងខុសច្បាប់ ហើយនិងការបំពានលើវិធានការរឹតត្បិតជំងឺ COVID-19 ៕



