ម៉ិកស៊ិក៖ ក្រសួងសុខាភិបាលរបស់ប្រទេសម៉ិកស៊ិក បានរាយការណ៍ថា ចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស ដោយសារកម្ដៅក្ដៅខ្លាំង បានកើនឡើងដល់ ២៤៩នាក់ ក្នុងរយៈពេល ៤ខែកន្លងមកនេះ។
អ្នកស្លាប់មួយរយនាក់ ត្រូវបានចុះបញ្ជីនៅរដ្ឋ Nuevo León ២៨នាក់ នៅរដ្ឋ Tamaulipas ២៦នាក់ នៅរដ្ឋ Veracruz និង ២៦នាក់ នៅរដ្ឋ Sonora ចន្លោះពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២២ ខែកក្កដា។ ចំណែកចំនួនស្លាប់ដែលនៅសល់ ត្រូវបានចុះបញ្ជីនៅក្នុងរដ្ឋចំនួន១២ ផ្សេងទៀត។
ប្រទេសនេះបាន និងកំពុងស៊ូទ្រាំជាមួយការឡើងកម្ដៅខ្ពស់ រួមជាមួយរដ្ឋភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលការឡើងកម្ដៅនេះ នាំមកដោយ «លំហកំដៅ» ដែលជាព្រឹត្តិការណ៍អាកាសធាតុបង្កើតឡើងដោយជ្រលងសម្ពាធខ្ពស់ដែលជាប់នឹងខ្យល់នៅខាង ក្នុងខណៈដែលសីតុណ្ហភាពឡើងក្តៅខ្លាំង។ កាលពីចុងខែមុន រដ្ឋរបស់ប្រទេសម៉ិកស៊ិកមួយចំនួន បានឡើងកំដៅប្រចាំខែ ឬសូម្បីតែឡើងខ្ពស់គ្រប់ពេលរហូតដល់ ៤៥អង្សាសេ នៅកន្លែងខ្លះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ៩២,៤ភាគរយនៃការស្លាប់នេះ គឺដោយសារតែអាការៈសន្លប់ដោយសារកម្ដៅ ឬសុរិយរោគ ហើយក្រៅពីនោះ គឺដោយសារតែការខ្វះជាតិទឹក។
ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងក្ដៅខ្ពស់នេះ រដ្ឋាភិបាលណែនាំឲ្យបរិភោគទឹកដប ទឹកដាំពុះ ឬទឹកសម្លាប់មេរោគហើយយ៉ាងហោចណាស់ ២លីត្រ ឲ្យបានញឹកញាប់ និងជៀសវាងការប៉ះពាល់នឹងកម្ដៅព្រះអាទិត្យរយៈពេលយូរ ជាពិសេសចន្លោះម៉ោង ១១ ពេលព្រឹក ដល់ម៉ោង ៣ ពេលរសៀល។ ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវបានណែនាំឲ្យស្លៀកសម្លៀកបំពាក់រលុងល្មម ប្រើឡេការពារកម្តៅថ្ងៃ និងពាក់មួក៕


