ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះ ដោយផ្ទេរឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វិញនោះ អតីតយុទ្ធជន បានគាំទ្រការ សម្រេចចិត្តរបស់សម្តេចតេជោ និងរីករាយស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីថ្មី ។
អតីតយុទ្ធជនកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បានមើលឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា មានសមត្ថភាពស័ក្ដិសមជានាយករដ្ឋមន្រ្តីថ្មី ដោយសារមានកម្រិតចំណេះដឹងខ្ពង់ខ្ពស់ ដែលនឹងអាចដឹក នាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងធានានិរន្តរភាពសុខសន្តិភាព ។
អតីតយុទ្ធជន បានសំដែងការអរគុណចំពោះសម្តេចតេជោ ដែលកន្លងមក តែងតែយកចិត្តទុក ដាក់ចំពោះអតីតយុទ្ធជនគ្រប់កាលៈទេសៈ ហើយពួកគេជឿជាក់ថា បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តីថ្មី និងបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងប្រទេសជាតិដូចឪពុកខ្លួនដែរ។
សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានប្រកាសថា ដកខ្លួន ចេញពីដំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ដោយប្រគល់ឱ្យទៅឯកឧត្តម ហ៊ុន ម៉ាណែត ដែល យ៉ាងយូរនឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភាបើក កិច្ចប្រជុំជាលើកដំបូង ។ ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ គឺជាការរៀបចំទុកជា មុន សម្រាប់ការរក្សាស្ថិរភាពនយោបាយរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស ជាតិ ៕អត្ថបទ៖ ទូច សោភ័ណ