ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ក្រោមគម្រោង ASEAN-ROK TVET Mobility Programme បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control”ឬប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រ ដល់គ្រូបង្គោល និងសិស្សមកពីប្រទេសចំនួន៥ នៅក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។
ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានមានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះធ្វើ ឡើងដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃជាពិសេសដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។
ឯកឧត្តម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ក្នុងនោះសិក្ខាកាមជាគ្រូចំនួន ៧នាក់ និងសិស្សចំនួន ១៨នាក់ មកពី៥ប្រទេសផ្សេងគ្នា រួមមាន៖ ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងកម្ពុជា។
សូមបញ្ជាក់ថា គម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានចុះកិច្ចព្រមព្រៀងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង The Korea Chamer of Commerce and Industry (KCCI) នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកអនុវត្តគម្រោង។
នេះជាលើកដំបូង ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន៕អត្ថបទ៖ ឈិត បូរ៉ាវី