អ៊ុយក្រែន៖ ទាហានអ៊ុយក្រែន បានដណ្តើមយកភូមិ Staromaiorske( ស្តារ៉ូម៉ាអ៊ីវអ៊ូស្កេ) ភាគអាគ្នេយ៍ពីកងកម្លាំងរុស្ស៊ីក្នុងតំបន់ដូណិតស្ក៍ (Donetsk)មកកាន់កាប់វិញ តាមរយៈវីដេអូដែលបានចុះផ្សាយដោយលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

កងពលតូចទី៣៥ និងអង្គភាពការពារទឹកដី «Ariy» បានបំពេញភារកិច្ចរបស់ពួកគេ ហើយបានរំដោះភូមិ Staromaiorske។ ទាហានម្នាក់នៅក្នុងវីដេអូដែលសារព័ត៌មានReuters មិនអាចកំណត់ទីតាំងភូមិសាស្ត្រ បានភ្លាមៗនោះ បាននិយាយថា នេះគឺជាជ័យជម្នះចំពោះអ៊ុយក្រែន!
ភូមិនេះស្ថិតនៅភាគខាងត្បូងនៃបណ្តុំទីតាំងទីលំនៅតូចៗ ដែលអ៊ុយក្រែនដណ្តើម បានមកវិញក្នុងអំឡុងពេលការវាយលុក ដែលខ្លួនបានចាប់ផ្តើម នៅដើមខែមិថុនាប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក ហានណា ម៉ាលៀ (Hanna Maliar)ដែលបានប្រកាសថា ភូមិStaromaiorske ត្រូវបានរំដោះហើយនោះ បានថ្លែងថា អ្នកការពាររបស់យើងឥឡូវនេះ កំពុងបន្តបោសសម្អាតកន្លែងតាំងទីលំនៅនោះ៕
