ចិន៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuriបានបោកបក់ដល់ខេត្តភាគអាគ្នេយ៍ Fujian (ហ្វ៊ូជាន់)របស់ចិន ដោយនាំមកជាមួយភ្លៀងធ្លាក់ និងសន្ទុះខ្យល់បក់ខ្លាំង ធ្វើឲ្យបាក់បង្គោលភ្លើងកើតជាអគ្គិភ័យ បក់រំលើងដើមឈើ និងបង្ខំឲ្យរោងចក្រ និងផ្សារទំនើបបិទទ្វារ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា ព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២បោកបក់ដល់ដីគោកនៅខេត្តហ្វ៊ូជាន់ បន្ទាប់ពីព្យុះទីហ្វុងដ៏សាហាវ Merantiកាលពីឆ្នាំ ២០១៦នោះ បានបង្ខំឲ្យបិទសាលារៀន វិស័យធុរកិច្ច និងការជម្លៀសកម្មករចេញពីតំបន់ផលិតប្រេង និងឧស្ម័នក្នុងឈូងសមុទ្រ ។
យោងតាមសេចក្តីរាយការណ៍ពីរដ្ឋបាលឧតុនិយមចិន(CMA)បានឲ្យដឹងថា ទីក្រុង Xiamen(សៀម៉ិន), Quanzhou(ឈ័នចូវ) និងទីក្រុង Putian(ភូធាន) រកឃើញទឹកភ្លៀងធ្លាក់កម្ពស់ ៥០មីលីម៉ែត្រជារៀងរាល់ម៉ោង ។
លោក Zhuang (ជ័ង)គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Xiamenនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សពេញមួយទីក្រុង Xiamenពុំបានទៅធ្វើការនោះទេនៅព្រឹកថ្ងៃសុក្រនេះ ។
លោកបន្តថា គ្មានរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយរោងចក្រ និងផ្សារទំនើប បានបិទទ្វារ ។ មនុស្សខ្លាចរអារខ្លាំង ក្រោយព្យុះទីហ្វុងលើកមុន Meranti ។
វីដេអូនៅលើបណ្តាញព័ត៌មានសង្គម ឃើញខ្សែចរន្តអគ្គិសនី ចេញផ្កាភ្លើង ហើយនិងផ្ទុះជាអណ្តាតភ្លើង ពេលខ្យល់បោកបក់លើទីក្រុង Jinjiang(ជីនជាំង)ដែលមានពលរដ្ឋរស់នៅ ២លាននាក់ ស្របពែលដែលដើមឈើទ្រង់ទ្រាយធំនៅទីក្រុង Quanzhou ត្រូវបានរំលើងគល់ ។
ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មាននូវការកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកផងដែរនៅតាមតំបន់មួយចំនួនក្នុងទីក្រុង Jinjiang និងទីក្រុង Quanzhou ស្ថិតក្នុងខេត្តហ្វ៊ូជាន់ ។
ក្រុមព្យាករណ៍ឧតុនិយម បានព្យាករណ៍ថា ព្យុះ Doksuri ដែលជាព្យុះទីហ្វុងទី ២បោកបក់ដីគោកនៅប្រទេសចិន ក្នុងរយៈពេលតិចជាង ២សប្តាហ៍ នឹងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ជាកន្លែងដែលខេត្តចំនួន ១០នឹងមានភ្លៀងធ្លាក់ខ្លាំង ៕


