ភ្នំពេញ៖ ផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលី បានផ្តល់ការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា និងចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ខែ សីហា ឆ្នាំ២០២៣។
ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរផ្តល់ការពិនិត្យ ព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដូចជាការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយ នៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា និងជំងឺទឹកដក់ក្នុងភ្នែក។
បើតាមលោកវេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសផ្នែកចក្ខុរោគ និងជានាយផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ យើងបានផ្តល់សេវាពិគ្រោះ វះកាត់ អ្នកជំងឺភ្នែកគ្រប់ប្រភេទ ព្រោះថានៅផ្នែកចក្ខុរោគនេះ យើងមានក្រុមគ្រូពេទ្យគ្រប់ឯកទេសទាំងអស់។ ដូច្នេះយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ ផ្នែកចក្ខុរោគ មានគ្រូពេទ្យ ចំនួន១៩នាក់ ក្នុងនោះ១៦នាក់ មានឯកទេសជាន់ខ្ពស់ និងមានបន្ទប់ដាច់ដោយឡែក ចំនួន៧ និងបន្ទប់ធំ១ សម្រាប់អ្នកជំងឺសម្រាករួម។
ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពភ្នែកឲ្យបានល្អ ក្នុងករណីមានសញ្ញាអ្វីមួយមិនធម្មតា ត្រូវប្រញាប់មកទទួលសេវាពិនិត្យ ព្យាបាលឲ្យបានទាន់ពេលវេលា ក៏ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម ត្រូវតែមកពិនិត្យបាតភ្នែក កុំរងចាំរហូតដល់មានសញ្ញាងងឹតភ្នែក ឬស្រវាំងភ្នែកនោះទេ ជួនកាលវាអាចយឺតពេល។ ដូច្នេះត្រូវតែមកពិនិត្យមុន ដើម្បីឲ្យក្រុមគ្រូពេទ្យបានដឹងពីស្ថានភាពរបស់អ្នកជំងឺ៕អត្ថបទ រដ្ឋា