អាមេរិក៖ កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិក នឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងខែកញ្ញាខាងមុខ។
យោងតាមប្រភពរបស់កាសែតនេះ រថក្រោះជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើទំនើបកម្ម ក្នុងខែសីហា។
សារព័ត៌មាន Politico បានដកស្រង់ប្រភពអនាមិកថា៖«ផែនការ គឺត្រូវបញ្ជូនរថក្រោះ Abrams មួយចំនួនទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែសីហា ជទីដែលរថក្រោះទាំងនោះ នឹងត្រូវរៀបចំនិងតុបតែចុងក្រោយ។ នៅពេលដែលដំណើរការនេះ ត្រូវបានបញ្ចប់ រថក្រោះ Abrams ដំបូង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅខែកញ្ញា។ .
សារព័ត៌មាននេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបញ្ជូនរថក្រោះម៉ូដែល M1A1 ចាស់ៗជំនួសឲ្យរថក្រោះម៉ូដែល A2 ទំនើបជាង ដែលនឹងចំណាយពេលមួយឆ្នាំ ដើម្បីទៅដល់អ៊ុយក្រែន។
មន្ត្រីឧស្សាហកម្មម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីថា៖«ក្រុមដំបូង នឹងមានរថក្រោះពី ៦ ទៅ ៨គ្រឿង»។

