ភ្នំពេញ៖ តាមរយៈលទ្ធផលបឋមសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវឧត្តមភាព និងប្រៀបឈ្នះរបស់ខ្លួន ដែលនេះពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីទឹកចិត្តរបស់ប្រជាជនកម្ពុជា ដោយនៅតែជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាឥតងាករេ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយប្រធានគណបក្សខណ្ឌ សង្កាត់ យុវជន សហជីពសង្កាត់ និងក្រុមការងារចុះជួយសង្កាត់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងការអរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្ដាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពលវេលាដ៏មានតម្លៃ ដើម្បីជួយគាំទ្រខិតខំប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
បន្ថែមពីនេះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យ បោះឆ្នោតទាំង ២.២០៦ ការិយាល័យ ជាពិសេសប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផលឈ្នះភ្លូកទឹកភ្នកដី ។ លទ្ធផលដ៏ល្អប្រសើរនេះ ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រជាជនកម្ពុជានៅតែជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក៏ដូចជាគាំទ្រការសម្រេចចិត្តរបស់សម្ដេចតេជោប្រធានគណបក្ស និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំគណបក្សខណ្ឌ គណបក្សសង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងក្រុមការងារចំណុះរចនាសម្ព័ន្ធគណបក្សរាជធានីគ្រប់ជាន់ថ្នាក់ ត្រូវ គោរពនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចផ្សេងៗរបស់គណបក្ស ព្រមទាំងត្រូវបន្តអនុវត្តនូវតួនាទីភារកិច្ចខ្លួនក្នុងការបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានបន្ថែមទៀត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





