អាមេរិក៖ ខណៈដែលការប្រឈមនឹងសម្ពាធពីអន្តរជាតិ និងនយោបាយចេះតែកើនឡើង លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងផ្លាស់ប្ដូរពីការទូតដ៏ម៉ឺងម៉ាត់ ទៅជាការអំពាវនាវជាសាធារណៈឲ្យបញ្ចប់ការវាយប្រហារដោយមីស៊ីល ដែលនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់ជីវិតមនុស្សរាប់រយនាក់។
លោក Biden បានប្រើភាសាកាន់តែប្រយ័ត្នប្រយែងជាងមុន អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃពុធដោយនិយាយថា លោករំពឹងថា អ៊ីស្រាអែលនឹងបញ្ចប់ស្ថានភាពដ៏យ៉ាប់យ៉ឺននាពេលបច្ចុប្បន្ននេះ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់សហរដ្ឋអាមេរិក ឆ្លើយតបវិញនឹងប្ដេជ្ញាបង្កើនយុទ្ធនាការវាយប្រហារដោយយោធា ឆ្ពោះទៅមុខកាន់តែខ្លាំងក្នុងតំបន់ហ្គាហ្សា។
ជាមួយគ្នានោះដែរ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតែបន្តបាញ់ផ្លោងគ្រាប់រ៉ូកែត រហូតមកដល់ពេលនេះ និងមានសញ្ញាមួយទៀតបង្ហាញពីជម្លោះកាន់តែរីកធំឡើង ដោយក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសលីបង់បានបាញ់រ៉ូកែតហ្វូង ចូលទៅក្នុងទឹកដីអ៊ីស្រាអែលភាគខាងជើង។ នេះមិនមែនជាកន្លែងដែលលោក Biden សង្ឃឹមថានឹងបង្កើតពេលវេលា និងឥទ្ធិពលរបស់លោកឡើយ៕
អត្ថបទ៖ សុខមាន