អាមេរិក៖ កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ ក្រុមមន្រ្តីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញផ្ទះថ្មី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានបំពាក់ម៉ាស៊ីនត្រជាក់ ដែលធ្វើពីទូរកុងតឺន័រ ដោយពួកគេសង្ឃឹមថានឹងអាចផ្តល់ដំណោះស្រាយយូរដល់អ្នកដែលគ្មានផ្ទះសម្បែងរស់នៅ ។
ទីក្រុងមួយនេះ បានចាប់ដៃគូជាមួយក្រុមមិនរកប្រាក់ចំណេញ St. Vincent de Paul និងក្រុម Steel + Sparkដើម្បីបង្កើតផ្ទះ The X-Wing ដែលមានទូកុងតឺន័រប្រវែង ១២ម៉ែត្រចំនូន ៤ តំរៀបជាអក្សរ X បង្កើតបានជាបន្ទប់ទំហំ ១,៥ម៉ែត្រ X ២,៥ម៉ែត្រជាច្រើនបន្ទប់ ។
អ្នកស្រុក ២០នាក់ដែលបច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលជួយសង្រ្គោះក្រុងវ៉ាស៊ីងតោនរបស់ក្រុម St. Vincent de Paulនឹងផ្លាស់ទៅជ្រកកោនបណ្តោះអាសន្ននៅក្នុងផ្ទះថ្មីនេះ ស្របពេលដែលពួកគេនៅត្រូវការធនធានទាំងអស់ដែលធ្លាប់មាននៅមជ្ឈមណ្ឌល ដូចជាបន្ទប់ទឹក អាហារ និងសេវាកម្មផ្សេងៗទៀត ។
គួរឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Phoenixបានកើនឡើងដល់ជាង ៤៣,៣អង្សាសេរយៈពេល ២៨ថ្ងៃជាប់ៗគ្នា ដែលជាកំណត់ត្រាថ្មី ។
អ្នកស្រី Jessica Berg គឺជាប្រធានកម្មវិធីនៅក្រុម St. Vincent de Paul បានមើលឃើញពីផលប៉ះពាល់ដំបូងដោយសារកម្តៅលើអ្នកគ្មានផ្ទះសម្បែង ពេលដែលពួកគេធ្វើដំណើរមកដល់ទីជម្រក ដើម្បីស្វែងរកជំនួយ ។
អ្នកស្រីនិយាយថា ជួនកាលចិញ្ចើមផ្លូវមានសីតុណ្ហភាពកើនឡើងដល់ជាង ៨២អង្សាសេ ។ មនុស្សមកជាមួយការរលាកកម្រិតទី ៣ ។ ការនៅខាងក្រៅធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងណាស់ ។ សូម្បីតែឱសថក៏មិនអាចព្យាបាលបាននោះដែរ ហើយបញ្ហាសុខភាពផ្លូវចិត្ត នឹងកើនឡើង ។ វាពិតជាពិបាកទ្រាំខ្លាំងណាស់ ៕


