ហ៊្សកដានី៖ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានប្រកាសផ្តល់ជំនួយចំនួន ៣០លានផោន (ប្រហែល ៣៨លានដុល្លារ) ដើម្បីជួយប្រទេសហ្ស៊កដានីក្នុងការទប់ទល់នឹងចំនួនជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសនេះ។
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក្នុងខែនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជំនួយជាសាច់ប្រាក់សម្រាប់ជនភៀសខ្លួនស៊ីរីចំនួន ១២០.០០០នាក់ដែលរស់នៅក្នុងជំរំ Zaatari និងជំរំ Azraq ក្នុងប្រទេសហ្ស៊កដានី ដោយសារតែបញ្ហាកង្វះថវិកា។

បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Al Safadi នៅទីក្រុង Amman (អាម៉ង់) ខណៈដែលដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកបានបញ្ចប់ទៅ លោក Cleverly បាននិយាយថា ស្ថានភាពនេះបានបង្កបញ្ហាប្រឈមដល់ "ហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងសង្គមរបស់ប្រទេសហ្ស៊កដានី"។
ប្រទេសហ្ស៊កដានីគឺជាជម្រកសម្រាប់ជនភៀសខ្លួនស៊ីរីដែលបានចុះឈ្មោះចំនួន ៦៧០.០០០នាក់ ហើយចក្រភពអង់គ្លេស រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ និងបារាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជាថវិកា ក៏ដូចជាការបង់ប្រាក់សម្រាប់គម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់បណ្ដាតំបន់ក្នុងប្រទេសហ្ស៊កដានីដែលធ្វើជាម្ចាស់ផ្ទះដល់ជនភៀសខ្លួនទាំងនោះផងដែរ៕
