អាមេរិក៖ប្រជាជនជិត ២០០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ឬស្មើនឹង ៦០% នៃចំនួនប្រជាជនអាមេរិកទាំងអស់ កំពុងស្ថិតនៅក្រោមការណែនាំអំពីរលកកម្ដៅ ការព្រមានអំពីទឹកជំនន់ ឬការឃ្លាំមើល នៅពេលដែលសីតុណ្ហភាពខ្ពស់បានរីករាលដាលពាលពេញប្រទេស ហើយតំបន់ជាច្រើនត្រូវបានព្រមានពីព្យុះដ៏ខ្លាំងដែលអាចនឹងកើតមានផងដែរ។

សេវាអាកាសធាតុជាតិបាននិយាយថា រលកកម្ដៅដ៏គ្រោះថ្នាក់ បានចាប់ផ្តើមវាយប្រហារនៅភាគឦសាន និងតំបន់កណ្តាលអាត្លង់ទិកកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តដល់ចុងសប្តាហ៍។
ព្យុះផ្គររន្ទះ និងទឹកជំនន់ដ៏គំហុក អាចកើតមានសម្រាប់ផ្នែកខ្លះនៃភាគឦសាន និងខាងត្បូង រដ្ឋញូវអ៊ីងឡិន និងរដ្ឋហ្វ្លរីដាខាងត្បូងផងដែរ។ ទន្ទឹមនឹងនេះ សីតុណ្ហភាពកម្រិតបំបែកកំណត់ត្រានឹងបន្តកើតមានសម្រាប់ភាគនិរតី និងកណ្តាលខាងលិច។
ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល នឹងនាំឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយពេលយូរ។
ការព្យាករណ៍សម្រាប់កំណើនកម្ដៅខ្លាំង កើតឡើងមួយថ្ងៃបន្ទាប់ពីអង្គការឧតុនិយមពិភពលោក និងសេវាកម្មផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានប្រកាសថា ខែកក្កដាឆ្នាំ២០២៣នេះ ជាខែក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក៕
