ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា មានក្រុមហ៊ុន/សហគ្រាស ដែលជាភ្នាក់ងារសេវាកម្មពន្ធដារ មានចំនួនជិត ៤០០ បានកំពុងចូលរួមចំណែក ជួយសម្រួលដល់ការប្រើប្រាស់សេវាពាក់ព័ន្ធនឹងពន្ធដារ លើការបំពេញ បែបបទពន្ធដារ ដាក់លិខិតប្រកាសពន្ធ បង់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ប្រសិទ្ធភាពនៃការប្រមូលពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីបញ្ជីក្រុមហ៊ុន ឬសហគ្រាស ដែលទទួល បានអាជ្ញាបណ្ណ ជាភ្នាក់ងារសេវាកម្មពន្ធដារ និងមានសុពលភាព, គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ មានភ្នាក់ងារសេវាកម្មពន្ធដារ ចំនួន ៣៨៧ ក្រុមហ៊ុន/សហគ្រាស ដែលភ្នាក់សេវាកម្មទាំងនោះ បានកំពុងជួយសម្រួលដល់ការប្រើប្រាស់សេវា ពាក់ព័ន្ធនឹងពន្ធដារដូចជា៖ ការបំពេញបែបបទពន្ធដារ, ដាក់លិខិតប្រកាសពន្ធ, បង់ប្រាក់ពន្ធប្រចាំខែ, និងប្រចាំឆ្នាំជាដើម។ ការបង្កើតឲ្យ មានជាភ្នាក់ងារនេះ គឺដើម្បីចៀសវាងការប្រើប្រាស់សេវាពាក់ព័ន្ធ នឹងពន្ធដារ ពីបុគ្គលដែលគ្មានអាជ្ញាប័ណ្ណ។
ជុំវិញភ្នាក់ងារសេវាកម្មពន្ធដារនេះ ចំពោះបុគ្គលដែលប្រកបវិជ្ជាជីវៈជាភ្នាក់ងារសេវាកម្មពន្ធដារ ដោយគ្មានអាជ្ញាបណ្ណ ត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ដល់ ២០ លានរៀល ក្នុងនោះចំពោះអ្នកជាប់ពន្ធតាមរបប ស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់សេវាកម្មពន្ធដារ ពីបុគ្គលដែលមិនមែនជាភ្នាក់ងារសេវាកម្មពន្ធដារ ដែលធ្វើសកម្មភាពអាជីវកម្មជា ភ្នាក់ងារសេវាកម្មពន្ធដារ ដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលរងនូវការពិន័យជាប្រាក់ប្រមាណ ៥ លានរៀលផងដែរ ។
ភ្នាក់ងារសេវាកម្មពន្ធដា អាចធ្វើការផ្គត់ផ្គង់សេវាទាក់ទិន នឹងពន្ធដារ ដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសផង និងអ្នកជាប់ពន្ធមិនស្ថិតក្នុងរបបស្វ័យប្រកាសផង ក្នុងនោះអ្នកជាប់ពន្ធដែលមិន នៅក្នុងរបបស្វ័យប្រកាស អាចទទួលបានការផ្គត់ផ្គង់សេវាទាក់ទិននឹងពន្ធដារ ដោយបុគ្គលដទៃទៀតក្រៅពីភ្នាក់ងារសេវាកម្មពន្ធដារ៕អត្ថបទ៖ សុន រ៉ាឌី