
ស្ត្រីនៅរដ្ឋអារីហ៊្សូណា សហរដ្ឋអាមេរិកម្នាក់ ដែលបានផ្ដល់ចម្លើយពីភាពមានទោសពីបទឃាតកម្មក្នុងការស្លាប់ដោយអត់អាហាររបស់កូនប្រុសអាយុ ៦ឆ្នាំរបស់ខ្លួន ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសាក្សីបានពណ៌នាអំពីភាពរន្ធត់នៃការដាក់ឃុំខ្លួនកូនប្រុសក្នុងទូដ៏តូចមួយ ហើយត្រូវបានបង្អត់អាហារ។
មេធាវីរបស់អ្នកស្រី Elizabeth Archibeque បានស្នើសុំថាការកាត់ទោសរបស់នាងរួមមានលទ្ធភាពនៃការដោះលែងបន្ទាប់ពីរយៈពេល ៣៥ឆ្នាំដោយផ្នែក ដោយសារតែលោកស្រីបានយល់ព្រមសារភាពកំហុសចំពោះឃាតកម្មកម្រិតទី១ និងការរំលោភបំពានលើកុមារកាលពីឆ្នាំ២០២០ ក្នុងការស្លាប់របស់ក្មេងប្រុសអាយុ ៦ឆ្នាំឈ្មោះ Deshaun Martinez ប៉ុន្តែតុលាការបានបដិសេធសំណើនោះ។
ការធ្វើកោសល្យវិច័យបានកំណត់ថាកុមារា Deshaun Martinez ដែលមានទម្ងន់ត្រឹមតែ ១៨ផោន បានស្លាប់ដោយសារការអត់ឃ្លានយ៉ាងខ្លាំង។ ក្រុមអាជ្ញាធរបានរកឃើញកុមារនោះ ក្នុងសភាពគ្មានអាការៈកម្រើក បន្ទាប់ពីលោកយាយរបស់ក្មេងប្រុសនោះឈ្មោះថា Ann Martinez បានទូរស័ព្ទទៅភ្នាក់ងារសង្រ្គោះបន្ទាន់នៅថ្ងៃទី២ ខែមីនាឆ្នាំ២០២០ ហើយបាននិយាយថា ចៅប្រុសរបស់ខ្លួនបានស្លាប់ហើយ។ ក្រោយមក មូលហេតុនៃការស្លាប់ត្រូវបានចុះបញ្ជីថាជាករណីឃាតកម្ម។
នគរបាលបាននិយាយថា ការបង្ខាំងក្មេងប្រុសនៅក្នុងទូដ៏តូចនោះ គឺដោយសារតែគេលួចអាហារពេលឪពុកម្តាយសម្រាន្តលក់។ បងប្អូនស្រីពីរនាក់របស់កុមាររងគ្រោះដែលមានអាយុ៤ឆ្នាំ និងអាយុ២ឆ្នាំ ត្រូវបានគេរកឃើញថាមានសុខភាពល្អនៅក្នុងផ្ទះដែលពួកគេទាំងអស់គ្នារស់នៅ៕