បាល់ទាត់៖ ក្រុមជើងឯក English Premier League ឆ្នាំទៅហង្សក្រហម Liverpool បានឡើងមកលំដាប់លេខ ៤ ដែលជាកៅអីចុងក្រោយមានឱកាសលេងនៅ Champions League រដូវកាលក្រោយបន្ទាប់ពីជ័យជំនះ ៣-០ នៅទឹកដី Burnley។

អ្នកចាត់ការ Liverpool លោក Jurgen Klopp បានចាត់ទុកជ័យជំនះនៅផ្ទះ Burnley យប់មិញថា ជាការឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រចុងសប្តាហ៍នេះដើម្បីធានាថា Liverpool មានមុខនៅ UCL ឆ្នាំក្រោយ។ គ្រាប់បាល់របស់ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទីទី៤៣ បានធ្វើអោយ Liverpool នាំមុខនៅវគ្គទីមួយ ១-០ មុនពេលដែល Nathaniel Phillips បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៥២ ហើយ Alex Oxlade-Chamberlain ជាអ្នកស៊ុតគ្រាប់ចុងក្រោយនៅនាទីទី៨៨។ បីពិន្ទុនេះធ្វើអោយ Liverpool ឡើងមកឈរលេខ ៤ ក្នុងតារាងវិញមាន ១ពិន្ទុពីក្រោមក្រុមលេខ៣ Chelsea និងស្មើពិន្ទុជាមួយក្រុមលេខ ៥ Leicester City។
ថ្ងៃអាទិត្យចុងសប្តាហ៍នេះជាការប្រកួតសប្តាហ៍ចុងក្រោយបិទបញ្ចប់រដូវកាល English Premier League ដោយក្រុមជើងឯករកឃើញហើយគឺ Manchester City ឯក្រុមធ្លាក់ទាំងបីក៏រកឃើញដែរគឺ Fulham, West Brom និង Sheffield United នៅឡើយតែកៅអី Champions League និង Europa League ត្រូវសំរេចនៅសប្តាហ៍ចុងក្រោយនេះ។ សប្តាហ៍ចុងក្រោយ Liverpool ត្រូវទទួល Crystal Palace ស្របពេល Leicester City ទទួល Tottenham Hotspur និង Chelsea ទៅផ្ទះ Aston Villa ដោយក្នុងចំណោមបីក្រុម Liverpool, Chelsea និង Leicester City មានតែពីរទេដែលមានឱកាសនៅ Champions League រដូវកាលក្រោយ៕
អត្ថបទ៖នាង សុភាវុធ