
គោឡើងក. បានបង្កភាពតក់ស្លុតនៅទីក្រុងភាគខាងត្បូង Ayacucho របស់ប្រទេសប៉េរូ ក្រោយរួចពីទីលានប្រយុទ្ធអំឡុងព្រឹត្តការណ៍ប្រយុទ្ធជាមួយគោឡើងក.។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា គោឡើងក.មួយក្បាលនេះ បានរត់បោលបុកប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សយ៉ាងហោច ៥នាក់ រងរបួស។ វាធ្វើឲ្យខូចខាតរថយន្តនៅតាមផ្លូវដែលវាបោលផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ គោលឡើងក.មួយក្បាលនេះ ត្រូវចាប់បានដោយក្រុមអ្នកស្រុក និងក្រុមអាជ្ញាធរ ដែលចងវាជាប់នឹងបង្គោលភ្លើង ក្រោយការប្រម៉ាញអស់រយៈពេល កន្លះម៉ោង ។
ខណៈពេលនោះដែរ មនុស្សប្រហែលជា ១ម៉ឺននាក់ បាននាំគ្នាតវ៉ាដើម្បីគាំទ្រល្បែងប្រយុទ្ធជាមួយគោឡើងក. និងជល់មាន់ នៅក្នុងទីក្រុង Lima មុនពេលដែលតុលាការកំពូល ចេញសេចក្តីសម្រេចលើបណ្តឹងហាមឃាត់មិនឲ្យមានល្បែងទាំងនេះ ។
គួរឲ្យដឹងថា ក្រុមសកម្មជនសត្វប៉េរូ បានដាក់ពាក្យបណ្តឹងករណីនេះទៅកាន់តុលាការធម្មនុញ្ញ ដើម្បីស្នើសុំឲ្យពួកគេប្រកាសច្បាប់មិនស្របតាមរដ្ឋធម្មនុញ្ញ ដែលនឹងដកចេញល្បែងប្រយុទ្ធជាមួយគោឡើងក. និងជល់មាន់ ពីច្បាប់ការពារសត្វ ។
ក្រុមអ្នកការពារល្បែងប្រយុទ្ធជាមួយគោឡើងក. និងជល់មាន់ និយាយថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៤០ម៉ឺននាក់ ដែលពាក់ព័ន្ធនឹងការបង្កាត់ពូជសត្វទាំងអស់នេះ នឹងស្ថិតនៅក្នុងហានិភ័យ បើសិនជាល្បែងទាំងនេះ ត្រូវបានហាមឃាត់ហើយ ។
សូមបញ្ជាក់ថា ល្បែងប្រយុទ្ធជាមួយគោឡើងក. និងជល់មាន់ ស្របច្បាប់តាមបណ្តាប្រទេសជាច្រើននៅអាមេរិកឡាទីន ប៉ុន្តែនៅប្រទេសជិតខាងប៉េរូ គឺប្រទេសឈីលី ត្រូវបានហាមឃាត់ចាប់តាំងពីពួកគេប្រកាសឯករាជ្យកាលពីឆ្នាំ១៨១៨មកម្ល៉េះ៕