
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyបានបំពេញទស្សនកិច្ចទៅកាន់ព្រះវិហារដែលរងការខូចខាតនៅទីក្រុង Odesa ។
ដំណើរទស្សនកិច្ចនេះ បានកើតឡើង ក្រោយពេលកងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធដោយមីស៊ីលកាលពីយប់កន្លងទៅ ដោយបានសម្លាប់សន្តិសុខម្នាក់និងធ្វើឲ្យចំណតទំនិញរងការខូខាត ។
ប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅកាន់មន្ទីរសុខភាពនៅក្នុងទីក្រុងមួយនេះផងដែរ ជាកន្លែងដែលទាហានអ៊ុយក្រែនស្តានិតិសម្បទាឡើងវិញ ។
វីដេអូដែលបានបង្ហាញដោយលោក Zelenskiyកាលពីថ្ងៃព្រហស្បតិ៍ ឃើញទាហានអ៊ុយក្រែនដណ្តើមកាន់កាប់មកវិញភូមិនៅតំបន់ភាគអាគ្នេយ៍ Staromaiorskeពីកងកម្លាំងរុស្ស៊ី ក្នុងតំបន់ Donetsk ។
ភូមិមួយនេះ ស្ថិតនៅតាមតំបន់ឈរជើងតូចៗដែលអ៊ុយក្រែនដណ្តើមបានមកវិញ អំឡុងការវាយបករបស់ពួកគេ ដែលបានចាប់ផ្តើមកាលពីដើមខែមិថុនាកន្លងទៅ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលកាន់តំបន់ជាច្រើននៅភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ុយក្រែន ។
លោក Zelenskiyបានទទួលស្គាល់ការរុលទៅមុខនៅក្នុងការវាយបក បានយឺតយ៉ាវមិនដូចក្តីបំណង ប៉ុន្តែលោកនិយាយកាលពីយប់មិញពីលទ្ធផលល្អខ្លាំងពីខ្សែត្រៀមខាងមុខ ដោយពុំបានផ្តល់សេចក្តីលម្អិតនោះទេ ៕