
ការស៊ើបអង្កេតរបស់កម្មវិធី Newsnight នៃសារព័ត៌មាន BBC បានរកឃើញថា ប្រព័ន្ធព្រមានការរញ្ជួយដីរបស់ក្រុមហ៊ុន Google បានបរាជ័យក្នុងការបញ្ចូនសារព្រមានទៅកាន់ប្រជាជនទួរគីជាច្រើននាក់ មុនពេលគ្រោះរញ្ជួយដ៏ខ្លាំងក្លាកាលពីខែកុម្ភៈ។ ក្រុមហ៊ុន Google និយាយថា ប្រព័ន្ធព្រមានរបស់ខ្លួនអាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវការជូនដំណឹងមួយនាទីនៅលើទូរស័ព្ទរបស់ពួកគេ មុនពេលមានការរញ្ជួយដីកើតឡើង។
ក្រុមហ៊ុននេះនិយាយថា សារព្រមានរបស់ខ្លួនត្រូវបានបញ្ជូនទៅមនុស្សរាប់លាននាក់ មុនពេលមានគ្រោះរញ្ជួយដីដ៏ធំបំផុតជាលើកដំបូងនោះកើតឡើង។ ទោះជាយ៉ាងណាក៏ដោយសារព័ត៌មាន BBC បានទៅពិនិត្យទីក្រុងចំនួន៣នៅក្នុងតំបន់រញ្ជួយដី ដោយនិយាយទៅកាន់មនុស្សរាប់រយនាក់ ហើយមិនបានរកឃើញថាមាននរណាម្នាក់ដែលបានទទួលសារព្រមាននោះទេ។
ប្រព័ន្ធនេះដំណើរការលើទូរស័ព្ទប្រភេទ Android ជារួមគឺទូរស័ព្ទទាំងឡាយណាដែលមិនមែនជាប្រភេទ iPhone ។ ទូរសព្ទប្រភេទ Android ដែលភាគច្រើនមានតម្លៃមធ្យម ត្រូវបានប្រហែល ៨០% នៅក្នុងប្រទេសទួរគី។
លោក Micah Berman ដែលជាអ្នកដឹកនាំផលិតផលរបស់ក្រុមហ៊ុន Google នៅលើប្រព័ន្ធមួយនេះបានទទូចថា ប្រព័ន្ធព្រមានរបស់ខ្លួនគឺបានដំណើរការនៅពេលនោះ។ លោកបានប្រាប់សារព័ត៌មាន BBC ថា "យើងមានទំនុកចិត្តថាប្រព័ន្ធនេះបានប្រតិបត្តិការ និងបញ្ជូនការជូនដំណឹងពីគ្រោះរញ្ជួយដីនោះ" ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននេះមិនបានផ្តល់ភស្តុតាងដែលថាការជូនដំណឹងទាំងនេះត្រូវបានទទួលយ៉ាងទូលំទូលាយនោះទេ៕