ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន នៅទីស្តីការក្រសួង។
ក្នុងកិច្ចជំនួប កាលពីព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២៦រូប ដែលនឹងបន្តការសិក្សានៅប្រទេសជប៉ុន។ ការសិក្សានៅក្រៅប្រទេសគឺជាឱកាសមួយដ៏ល្អ ក្នុងការពង្រឹងសមត្ថភាព ដើម្បីយកនូវចំណេះ ជំនាញមកអភិវឌ្ឍប្រទេសយើង។ ជាមួយគ្នានេះដែរ ចាំបាច់ត្រូវរក្សានូវសាមគ្គីភាព បើកចិត្តទូលាយរៀនសូត្រអ្វីដែលថ្មី ស្វែងយល់ពីវប្បធម៌ ភាសារបស់គេ ដែលទាំងនេះជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនងជាមួយជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៅកាន់ក្រុមនិស្សិតថា ការសិក្សាគឺជាមូលដ្ឋាន ហើយប្រការចាំបាច់គឺមានសមត្ថភាពពិតប្រាកដ ធ្វើការងារឱ្យពិតប្រាកដ មានលទ្ធផលការងារល្អ ធ្វើខ្លួនឱ្យមានតម្លៃ។ ដូច្នេះត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ មានគោលដៅជាក់លាក់ ធ្វើឱ្យពិតប្រាកដ និងឱ្យល្អបំផុត ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង៕ ដោយ ៖ បូរ៉ាវី



