តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានតម្រូវឱ្យអាជីវករទាំងអស់នៅផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដ-១៩ កាន់តែច្រើននៅតំបន់នោះ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរអាជីវកម្ម និងការលក់ដូរទាំងអស់នៅផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី នៃឃុំត្រពាំងសាប ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងឡើងវិញ។
រដ្ឋបាលខេត្តនេះ បានបញ្ជាក់ថា រាល់អាជីវករទាំងអស់ដែលលក់ដូរនៅផ្សារនេះ តម្រូវឱ្យទៅផ្ដល់សំណាកដើម្បីរកមេរោគកូវីដ-១៩ នៅឯមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាហាំងង៉ោ ស្មៅខ្ញី ឬក៏នៅតាមមន្ទីរពេទ្យបង្អែកនៅជិតលំនៅឋាន។
រដ្ឋបាលខេត្តនេះ ក៏បានតម្រូវឱ្យអាជីវករ និងសមាជិកក្រុមគ្រួសាររបស់ពួកគេទាំងអស់ ត្រូវរក្សាខ្លួននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កផងដែរ។
អំឡុងពេលនៃការផ្អាកនេះ អាជ្ញាធរខេត្តតាកែវ បានហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សគ្រប់ប្រភេទ ប៉ុន្តែ ត្រូវបានលើកលែងសម្រាប់ករណីចាំបាច់ និងបន្ទាន់មួយចំនួន៕
