ហូឡង់ ៖ ក្រុមហ៊ុនដឹកជញ្ជូនរថយន្ត«K Line បាននិយាយកាលពីថ្ងៃសុក្រ (ទី២៨ ខែកក្កដា)ថា នាវាផ្ទុករថយន្តដែលកំពុងឆេះ នៅឆ្នេរសមុទ្រហូឡង់ ចាប់តាំងពីយប់ថ្ងៃអង្គារ កំពុងដឹករថយន្តអគ្គិសនីជិត៥០០គ្រឿង ពោលគឺច្រើនជាងនេះដែលត្រូវបានរាយការណ៍ដំបូងដោយឆ្មាំល្បាតឆ្នេរ។
អគ្គិភ័យឆាបឆេះនាវា Fremantle Highway ដែលចុះបញ្ជីនៅប្រទេសប៉ាណាម៉ា ដែលផ្ទុករថយន្តថ្មី បណ្តាលឲ្យ សមាជិកនាវិកជនជាតិឥណ្ឌាម្នាក់ ស្លាប់ និង៧ នាក់ផ្សេងទៀតរងរបួស ដោយសារលោតពីនាវានោះ ដើម្បីគេចពីអណ្តាតភ្លើង។
អ្នកនាំពាក្យក្រុមហ៊ុន K Line (Kawasaki Kisen Kaisha) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលបានជួលនាវានេះបាននិយាយថា មានយានជំនិះចំនួន៣.៧៨៣ គ្រឿង នៅលើនាវា រួមទាំងរថយន្តអគ្គិសនីប្រើថ្មចំនួន ៤៩៨ គ្រឿង។ លោកបដិសេធមិននិយាយអ្វីទាំងអស់អំពីម៉ាករថយន្តដែលរាប់បញ្ចូលទាំងរថយន្តដែលផលិតពីក្រុមហ៊ុនជប៉ុន ឬអត់ទេ។
ឆ្មាំល្បាតឆ្នេរ បាននិយាយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា មូលហេតុនៃការឆេះនេះពុំទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកសង្គ្រោះបន្ទាន់ ត្រូវបានគេឮនៅក្នុងការថតសំឡេងដែលចេញផ្សាយដោយទូរទស្សន៍ RTL របស់ប្រទេសហូឡង់ ដោយនិយាយថា«ភ្លើងបានចាប់ផ្តើមឆេះចេញពីអាគុយរបស់រថយន្តអគ្គិសនី»។

