
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីចាំផ្ទះនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមរយៈសារសំឡេងពិសេសនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្រោយការពិភាក្សាយ៉ាងល្អិតល្អន់លើការតែងតាំងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់អាណត្តិទី៧នេះ កាលពីថ្ងៃទី ២៤ ខែកក្កដា បន្ទាប់ពីការបោះឆ្នោត រាជរដ្ឋាភិបាលបានយល់ស្របថាពិតជាមានតម្រូវការដើម្បីប្រមូលនូវធាតុចូលទាំងអស់នៃបណ្ដាបក្សនយោបាយនានាទោះបីជាគណបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងសភាដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើយោងទៅលើព្រះរាជក្រឹត្យនៃអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មីក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ ដើម្បីដាក់ឱ្យដំណើរការនូវឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយដែលពេលនោះលក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវបានលើកឡើងនៅក្នុងព្រះរាជក្រឹត្យនោះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាស្មារតីរួមដែលសម្ដេចបានលើកឡើង ដែលបានពិភាក្សាក្នុងការបន្តតែងតាំងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ គឺរាជរដ្ឋាភិបាលនឹងផ្ដល់ការរៀបចំដូចកាលពីនីតិកាលទី៦ ដូចគ្នាដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការដ្ឋាន។ ដូច្នេះក្នុងគណបក្សនយោបាយមួយមានឥស្សរជន ៣រូបក្នុងការចូលរួមផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានពិភាក្សាគ្នាផងដែរ ចំពោះលទ្ធភាពដែលបើកឱ្យគណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត ប៉ុន្ដែបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃអាចចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផងដែរ។ ប៉ុន្ដែរឿងនេះទុក្ខលទ្ធភាពជូនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្ដីថ្មីធ្វើសេចក្ដីសម្រេចដើម្បីស្នើសុំព្រះរាជក្រឹត្យបង្កើតឱ្យមាន ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានសម្រាប់នីតិកាលទី៧នេះ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់គណបក្សនយោបាយដែលធ្លាប់បានចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីនីតិកាលទី៦ សូមមានការនឹងនរអំពីការរៀបចំបន្ត។
ឯចំពោះគណបក្សនយោបាយ ដែលមិនបានចូលរួមការបោះឆ្នោត ប៉ុន្ដែ មានការចុះឈ្មោះស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចនឹងត្រូវបានចូលរួមយ៉ាងណានោះ គឺទុកលទ្ធភាពជូនចំពោះនាយករដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលថ្មី ដើម្បីគិតគូរពីលើរឿងនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ប្រមូលផ្ដុំធនធានមនុស្ស ធនធានខួរក្បាល ដើម្បីនឹងបន្តការអភិវឌ្ឍប្រទេស បន្ថែមលើនោះ ក៏ជាស្មារតីបង្រួបបង្រួមជាតិឆ្ពោះទៅរកអនាគតដ៏រុងរឿងផងដែរ។ ខណៈរាជរដ្ឋាភិបាលមានវេទិកាជួយយោបល់ទាំងក្នុងសភា ទាំងការងារដែលទាក់ទងជាមួយនឹងការផ្ដល់មតិសម្រាប់រាជរដ្ឋាភិបាលផ្ទាល់ដែលនាយករដ្ឋមន្រ្ដីត្រូវធ្វើការជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលបណ្ដាបក្សនយោបាយអាចនឹងធ្វើការផ្ទាល់ជាមួយនឹងក្នុងរយៈពេល ៦ ខែម្ដង៕