
មនុស្សយ៉ាងហោច ៩នាក់ បានស្លាប់ រួមទាំងកុមារ ៣នាក់ផងដែរ ហើយនិងមនុស្សជាង ១០០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួចមួយកន្លែងក្នុងផ្សារ ស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅទីក្រុង Sungai Kolokស្ថិតនៅជាប់ព្រំដែនម៉ាឡេស៊ី និងបណ្តាលឲ្យមនុស្សយ៉ាងហោច ១១៥នាក់រងរបួស ហើយត្រូវបានគេគិតថា វាបណ្តាលមកពីការងារសំណង់ ។
ក្រុមអ្នកស្រុក បានរៀបរាប់ថា ពួកគេបានឮសំឡេងផ្ទុះដ៏ខ្លាំងមួយនៅវេលាម៉ោងប្រហែល ៣រសៀលម៉ោងក្នុងស្រុក ។ កម្លាំងផ្ទុះបានអង្រួនអគារ ធ្វើឲ្យបែកកញ្ចក់ បាក់ដំបូល ហើយនិងធ្វើឲ្យមានសំណុំផ្សេងដ៏ធំហុយឡើងលើមេឃ ។
ការផ្ទុះនេះដែរ បណ្តាលឲ្យបំផ្លិចបំផ្លាញផ្សារនៅក្នុងទីក្រុង Sungai Kolokមួយនេះផងដែរ ដែលស្ថិតនៅក្នុងខេត្ត Narathiwat ។
លោក Sanon Pongaksornគឺជាអភិបាលក្រុង Sungai Kolokនិយាយថា អគ្គិភ័យក្នុងផ្សារ ត្រូវបានគ្រប់គ្រង ហើយការស៊ើបអង្កេតបឋម បង្ហាញថាកំហុសបច្ចេកទេសជាងផ្សាដែក អំឡុងការងារសំណង់លើអគារ គឺជាមូលហេតុនាំឲ្យផ្ទុះឃ្លាំងស្តុកកាំជ្រួច ៕

