កំពត៖ ស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់លិចផ្ទះសម្បែង និងភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងឃុំមួយចំនួនក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ តាមការបញ្ជាក់ពី លោក ព្រំ គឹមជឺ មេឃុំកំពង់ត្រាចខាងលិច បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់លោក ទឹកបានហក់ឡើងខ្ពស់ជាលំដាប់ តាំងពីព្រឹកព្រលឹមមកទល់ម៉ោង ១១:០០ព្រឹក ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ នេះ ទឹកឡើងដល់ត្រឹមដើមទ្រូង ឬឡើងដល់ពាក់កណ្ដាលសសរផ្ទះហើយ។ ជាមួយគ្នានេះលោកបានបញ្ជាក់ដែរថា យ៉ាងហោចណាស់ផ្ទះពលរដ្ឋជាង ៥០ ខ្នង ត្រូវបានជនលិចខ្លាំង។
បច្ចុប្បន្ន ប្រជាពលរដ្ឋបានកំពុងជម្លៀសខ្លួនចេញពីការជន់លិច ដោយដឹកជញ្ជូនស្បៀងអាហារ សម្ភារមានតម្លៃ និងសត្វចិញ្ចឹម មានដូចជា គោ ជ្រូក មាន់ ទា … ឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាព ដែលមានការជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ឃុំ និងស្រុកកំពង់ត្រាចផងដែរ។
លោកមេឃុំ កំពង់ត្រាចខាងលិចបានបញ្ជាក់ថា នេះជាការជន់លិចជាប្រវត្តិសាស្រ្តហើយសម្រាប់ឃុំនេះ ព្រោះតាំងពីដើមរៀងមក ពុំដែលមានទឹកជំនន់ជន់លិចនោះទេ។ ការជន់លិចខាងលើនេះបណ្ដាលមកពីជំនន់ទឹកភ្លៀងដែលហូរមកពីលើភ្នំ បូកផ្សំនឹងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ទើបធ្វើឱ្យទឹកឆ្នាំនេះឡើងធំបែបនេះ។






